
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី ឡាហ្កាដ បាននិយាយក្នុងបទសម្ភាសថ្មីៗនេះ ជាមួយទូរទស្សន៍ BBC1 ថា សង្រ្គាមពាណិជ្ជកម្មពេញលេញបង្កឡើងដោយការគំរាមកំហែងពន្ធរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណា ហើយលោកស្រីព្រមានថា ការកើនឡើងភាពតានតឹងរវាងអាម៉េរិក និងអឺរ៉ុប អាចមានផលវិបាកធ្ងន់ធ្ងរ ជាពិសេសចំពោះតម្លៃទំនិញ និងស្ថិរភាពសេដ្ឋកិច្ចតែម្ដង។
កាលពីសប្ដាហ៍មុន លោក ត្រាំ បានគំរាមយកពន្ធ២០០% លើផលិតផលស្រារបស់បារាំង និងអ៊ីតាលី ក៏ដូចជាការនាំចេញផ្សេងទៀតរបស់សហភាពអឺរ៉ុប បន្ថែមពីលើពន្ធទ្វេភាគី ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែក្រោយនេះ ប៉ុន្តែលោកស្រី ឡាហ្កាដ បានបញ្ជាក់យ៉ាងច្បាស់ថា វិធានការការពារនិយមនេះនឹងធ្វើឱ្យប៉ះពាល់ដល់ភាគីពាក់ព័ន្ធទាំងអស់។
សហរដ្ឋអាម៉េរិក គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់អ្នកផលិតគ្រឿងស្រវឹងនៅអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគប្រាំនៃផលិតផលភេសជ្ជៈ ស្រា និងទឹកខ្មេះដែលនាំចេញដោយសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
លោកស្រី ឡាហ្កាដ បាននិយាយថា ប្រសិនបើអឺរ៉ុប ត្រូវធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក វានឹងជះផលវិបាកធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ច និងតម្លៃទំនិញនៅអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហរដ្ឋអាម៉េរិក ផងដែរ៕
អត្ថបទ៖ សុខ មង្គល