ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ កាន់តែងាយក្នុងការធ្លាក់ក្នុងវដ្ដស្ថានភាពឆាប់ប៉ោងហើយ ឆាប់ផ្ទុះបែកវិញ ខណៈដែលកំណើននៃការផ្ដល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យនេះ ក៏នឹងរឹតកាន់តែបង្កើនហានិភ័យថែមទៀត ដល់វិស័យហិរញ្ញវត្ថុ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានលើកឡើងថា វិស័យសំណង់របស់កម្ពុជាបានងើបឡើងវិញបន្ទាប់ពីវិបត្តិតាំងពីឆ្នាំ២០០៩-២០១០ មក និងបន្តកំណើនកំណើនមកជាប់ជានិច្ចក្នុងរយៈពេលប្រមាណ១០ ឆ្នាំមកនេះ ខណៈដែលវិស័យនេះ តែងតែមានខួបរបស់វាដែលកើនប៉ោងខ្លាំង និងត្រូវផ្ទុះបែបធ្លាក់ចុះមកវិញ។
លោក លី សូដេត កត់សម្គាល់ឃើញទៀតថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺកំណើននៃលំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេស(FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្ដកើនឡើងខ្លាំង ខណៈដែលការផ្ដល់ឥណទានពីវិស័យធនាគារសម្រាប់វិស័យសំណង់ ក៏បន្ដកើនឡើងដូចគ្នាដែរ ដែលនេះវាបង្ហាញឲ្យឃើញពីហានិភ័យកាន់តែខ្លាំង ក្នុងវិស័យនេះ។
លោក លី សូដេត បាននិយាយយ៉ាងដូច្នេះថា «វិស័យសំណង់នេះ ថ្មីៗនេះ វានៅតែកើនឡើងខ្លាំងតទៅទៀត ដោយសារយើងមានប្រភពទុនមកពីខាងក្រៅ យើងហៅថា FDI នោះ គឺជួយឲ្យវិស័យសំណង់យើងកាន់តែកើនឡើងថែមទៀត។ ប៉ុន្ដែ យើងមិនអាចពឹងផ្អែកលើ FDI បានរហូតទេ យើងមិនដឹងថា FDI នេះ នឹងនៅជាប់រហូត ឬយ៉ាងម៉េចទៀតទេ អាចថា នៅឆ្នាំនេះ ឬឆ្នាំក្រោយអាចធ្លាក់ចុះ អញ្ចឹងតើវិស័យសំណង់យើង អាចនៅដដែល ឬក៏អត់? អញ្ចឹងសំខាន់ណាស់ ត្រូវមានវិធានការណ៍ កុំឲ្យធនាគារហ្នឹងឲ្យខ្ចីច្រើនពេក ទៅលើវិស័យសំណង់»។
របាយការណ៍ពីធនាគារជាតិ បានបង្ហាញថា កាលពីឆ្នាំ២០១៨ កំណើនឥណទានរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ មានប្រមាណ ២០ ភាគរយ។
ធនាគារពិភពលោកបានបញ្ជាក់ដែរថា ការផ្ដល់កម្ចីរបស់វិស័យធនាគារដល់វិស័យសំណង់ និងអចលនទ្រព្យ និងសម្រាប់ការទិញផ្ទះបង់រម្លស់ នៅតែបន្ដជំរុញធ្វើឲ្យឥណទានក្នុងស្រុកកាន់តែរីកទំហំ ដោយរួមចំណែកបានមួយភាគបី នៃកំណើនឥណទាន។
បើពិនិត្យទៅមើលក្នុងរបាយការណ៍ដដែល បង្ហាញទៀតថា ការវិនិយោគពីក្រៅប្រទេស នៅឆ្នាំ ២០១៨ មានប្រមាណជាង ១៣ ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុប (GDP)។ តម្លៃទុនលើគម្រោងវិនិយោគដែលបានអនុម័ត បានកើនឡើងដល់ ៥,៨ ពាន់លានដុល្លារអាមេរិក ដែមាន២ភាគបី គឺជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស។ លំហូរវិនិយោគពីក្រៅប្រទេសបានកើនឡើងជិត ២៥% ដែលជាកំណត់ត្រាកំណើនខ្ពស់ដែលមានជាង ៣ពាន់លានដុល្លារអាមេរិក។
បន្ថែមពីនេះ មានជាងពាក់កណ្ដាលនៃការហូរចូលទុនពីក្រៅ មានប្រភពមកពីប្រទេសចិន ហើយបានតម្រង់ទិញវិនិយោគលើវិស័យសំណង់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន រួមទាំងវិស័យទេសចរណ៍ និងមួយផ្នែកតូចទៀត គឺវិនិយោគលើវិស័យផលិតកម្ម និងកសិកម្ម។
ខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា នៅតែបន្ដជាចំណុចក្ដៅមួយ នៃកំណើនគម្រោងសាងសង់តាមរយៈការវិនិយោគហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុប ពីប្រទេសចិន។
គួរដឹងដែរថា ប្រទេសចិន នៅឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ មានគោនយោបាយបន្ថយកំណើនសេដ្ឋកិច្ចឲ្យមានមកនៅត្រឹម ៦,២ ភាគរយ ខណៈឆ្នាំ២០១៨ មាន ៦,៦ ភាគរយ។
សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក លោក លី សូដេត យល់ឃើញថា កាលណាសេដ្ឋកិច្ច ចិនធ្លាក់ចុះ ពិតណាស់ វាអាចនឹងប៉ះពាល់ដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជាដែរ ព្រោះកម្ពុជា ពឹងផ្នែកលើការវិនិយោគច្រើនពីប្រទេសចិន។ ដូច្នេះ នៅពេលដែលសេដ្ឋកិច្ចចិន ជួបបញ្ហា នោះការនាំលំហូរវិនិយោគមកកាន់កម្ពុជានឹងមានកាន់តែតិច ដែលនេះវាអាចនឹងប៉ះពាល់ដល់វិស័យសំណង់របស់កម្ពុជា។
ទោះយ៉ាងណា តាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា នៅឆ្នាំ២០១៨ តម្លៃទុនវិនិយោគលើវិស័យសំណង់មានការថយចុះប្រមាណជាង ១៨ភាគរយ ពោលគឺមានតម្លៃទុនវិនិយោគត្រឹមជាង ៥ពាន់លានដុល្លារ ខណៈឆ្នាំ២០១៧ តម្លៃទុនវិនិយោគមានរហូតជាង ៦ពាន់លានដុល្លារ។
ដ្បិតតែយ៉ាងនេះក្ដី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងជាអ្នកវិនិយោគគម្រោងអចលនទ្រព្យធំៗជាច្រើននៅកម្ពុជានោះ ធ្លាប់បានលើកឡើងថា លោកនៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនិងថាវិស័យនេះនឹងនៅតែបន្តកើនឡើង ហើយមិនមានសញ្ញាណាមួយដែលធ្វើឲ្យវិនិយោគទុនព្រួយបារម្ភនោះឡើយ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៨នេះ តាមការអង្កេតក៏ដូចជា ការវិនិយោគផ្ទាល់ពីក្រុមហ៊ុនលោក បានឃើញថា សកម្មភាពសាងសង់នៅតែមានគ្រប់ទីកន្លែង។
យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group ធ្លាប់បានបញ្ជាក់ឲ្យដឹងថា កំណើននិរន្តភាពនៃវិស័យអចលនទ្រព្យ២០១៨កន្លងទៅ វាអាចនឹងជះឥទ្ធិពលដល់ឆ្នាំ២០១៩ និង២០២០ ខាងមុខទៀត ដោយហេតុថា នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលមិនទាន់បានបញ្ចប់នៅក្នុងឆ្នាំ២០១៨នៅឡើយ ដូចនេះវានឹងនៅតែបន្តក្នុងឆ្នាំ២០១៩ទៀត។ បើតាម ការប្រមើលមើលរបស់លោកឧកញ៉ា សៀ ឫទ្ធី នៅឆ្នាំ២០១៩នេះ កំណើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងថយចុះជាងមុន ពោលគឺអាចនឹងមិនមានកំណើនខ្ពស់ដូចឆ្នាំ ២០១៨នោះឡើយ៕