បន្ថែមពីលើនេះ ការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំង អំពីការការទ្រទ្រង់កំណើនសេដ្ឋកិច្ចចិនឲ្យមានស្ថិរភាព ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅលើការប្រែប្រួលតម្លៃប្រេងឆៅ និងប្រាក់ដុល្លារអាមេរិកផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
Story: នៅថ្ងៃពុធសប្ដាហ៍នេះ យើងសង្កេតឃើញថា តម្លៃប្រេងឆៅនៅទីផ្សារអាមេរិក បានការកើនឡើង៥០សេនបន្ថែមទៀត ដែលមានតម្លៃ ៧១ដុល្លារ ៦២សេនក្នុង១ធុងប៉ារ៉ែល។ នៅទីផ្សារតម្លៃប្រេងឆៅអង់គ្លេសវិញ កើនឡើង ៤៤សេនបន្ថែមទៀត ដែលមានតម្លៃដល់ទៅ ៧៤ដុល្លារ ៤២ហើយ ក្នុង១ធុងប៉ារ៉ែល។
តម្លៃប្រេងជាធម្មតាមានការប្រែប្រួលផ្ទុយគ្នាទៅនឹងប្រាក់ដុល្លារអាមេរិក ដោយតម្លៃលុយដុល្លារអាមេរិកចុះថោក ក៏បានធ្វើឲ្យតម្លៃទំនិញកាន់តែចុះថោកដែរ សម្រាប់ប្រទេសដែលប្រើប្រាស់រូបិយវត្ថុផ្សេងទៀត។
កត្តាសំខាន់មួយទៀត ដែលជំរុញឲ្យតម្លៃប្រេងបន្ដហក់ឡើង គឺនៅថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់ចិនបានអះអាង អំពីការប្ដេជ្ញារបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងការបង្កើនការចំណាយរបស់រដ្ឋាភិបាល, ការពង្រឹងគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក និងការធ្វើឲ្យមានស្ថិរភាពឧស្សាហកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។
មន្ត្រីរដ្ឋាភិបាលចិនបានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ថា ប្រទេសចិន ដែលជាប្រទេសអ្នកនាំចូលប្រេងធំជាងគេបំផុតនោះ នឹងខិតខំធ្វើឲ្យប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១នៅឆ្នាំ២០២២ មានស្ថិរភាព ហើយអាចបន្ដស្ថិរភាពសេដ្ឋកិច្ចទៅដល់ឆមាសទី១ និងពេញមួយឆ្នាំ២០២២ផងដែរ។
ទន្ទឹមនឹងនេះ ក៏មានរដ្ឋាភិបាលប្រទេសមួយចំនួន ក៏បាននិងកំពុងព្យាយាមដកការរឹតត្បិតវិធានការកូវីដ១៩របស់ខ្លួនផងដែរ រួមទាំងចក្រភពអង់គ្លេស និងអូស្ត្រាលីជាដើម ដែលសកម្មភាពនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយគាំទ្រដល់កំណើនតម្រូវការប្រេងឥន្ធនៈ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថ្មីៗនេះថា លោកនឹងមិនណែនាំឲ្យមានការដាក់ចេញវិធានការរឹតត្បិតថ្មីៗបន្ថែមនៅមុនថ្ងៃបុណ្យគ្រីស្មាសនោះទេ ប៉ុន្ដែ រដ្ឋាភិបាលអាចនឹងមាននៅពេលក្រោយទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន ឯណោះវិញ នៅថ្ងៃពុធសប្ដាហ៍នេះ ក៏បានឈប់គិតពីការបិទខ្ទប់ប្រទេសផងដែរ ដោយជំនួសមកវិញនូវការជំរុញឲ្យពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារការឆ្លងកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មី អូមីក្រុងតែម្ដង បើទោះបីជាបច្ចុប្បន្ន ប្រទេសនេះ មានអ្នកឆ្លងថ្មីក្នុងកម្រិតខ្ពស់ដល់ទៅជាង៥ពាន់នាក់ក្នុង១ថ្ងៃក៏ដោយ៕