ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ

តើការបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅលើកនេះ អាចជាពរជ័យដែរ ឬយ៉ាងណា?


បើមិនមានអ្វីប្រែប្រួលទេ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី០៦ ឧសភានេះតទៅហើយ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅដល់ការបង្ការការរីករាលដាលឆ្លងជំងឺកូវីដ១៩ របស់អាជ្ញាធររាជធានីភ្នំពេញ និងក្រុងតាខ្មៅវិញ ពោលគឺអាចនឹងនៅមានតំបន់មួយចំនួនដែលប្រឈមខ្ពស់នៃការឆ្លងកូវីដ-១៩ អាចនឹងបន្តបិទខ្ទប់ដដែល។
តើការបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅលើកនេះ អាចជាពរជ័យដែរ ឬយ៉ាងណា?
ដោយ

ជុំវិញនឹងការសម្រេចថ្មីនេះ ត្រូវបានក្រុមអ្នកជំនួញជាច្រើនបានបង្ហាញពីទស្សនៈប្រហាក់ប្រហែលគ្នាថា វាជាការជួយដល់ចរន្តសេដ្ឋកិច្ចឲ្យមានភាពប្រសើរឡើងវិញ ខណៈដែលអ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបិទបញ្ចប់ការបិទខ្ទប់នេះ អាចជាដំណាក់កាលនៃការសាកល្បង  របស់រាជរដ្ឋាភិបាលចំពោះស្ថានភាពជំងឺកូវីដ-១៩ ថាតើបន្ទាប់ពីបើកវិញហើយ ស្ថានភាពនឹងនរ ឬ កាន់វឹកវរជាងនេះ?

ជាសហគ្រិននៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ជំទាវ កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនរបស់ជំទាវ បានបិទទ្វារមួយរយៈ នៅក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ  និងក្រុងតាខ្មៅ ហើយគ្រោងនឹងបើកវិញនៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះហើយ ជាថ្ងៃដែលរាជរដ្ឋាភិបាលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ  និងក្រុងតាខ្មៅផងដែរ។

ជំទាវ កែវ មុំ បានបញ្ជាក់ថា ការបិទបញ្ចប់នេះ អាចនឹងជួយសម្រួលដល់ការបើកដំណើរការអាជីវកម្មឡើងវិញរបស់បណ្តាក្រុមហ៊ុននានា ជាពិសេសសម្រួលដល់ការធ្វើដំណើរទៅធ្វើការងារ បើទោះបីជា ការបើកមិនបានទាំងស្រុងក៏ដោយ។

ជាមួយគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្ហាញពីការសាទរផងដែរ ចំពោះការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ  និងក្រុងតាខ្មៅនេះ ដោយលោកយល់ថា នេះជំហានល្អមួយទៀត ដែលបង្ហាញថា រាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានភាពបាន ដែលនឹងជួយឲ្យចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ប្រសើរជាងការបិទជាប់គាំង។

ឧកញ៉ា លឹម ហេង បានបន្ថែមថា ថ្វីត្បិតតែចំនួនអ្នកឆ្លងនៅតែមានចំនួនច្រើនមែន តែលោកជឿជាក់ថា រាជរដ្ឋាភិបាលអាចទប់ទល់បាន ព្រោះករណីផ្ទុះកន្លងមកភាគច្រើននៅតំបន់ក្រហមនិងលឿងទុំ ដែលតំបន់ទាំងនេះ នៅតែបន្តរឹតត្បិតដដែល ដែលយ៉ាងហោចណាស់ក៏ពុំចាំបិទរាជធានីភ្នំពេញទាំងមូលដែរ។

ងាកទៅខាងវិស័យដឹកជញ្ជូនវិញ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានសម្តែងក្តីរីករាយ ដែលរាជរដ្ឋាភិបាលសម្រេចបើកឲ្យមានចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅវិញ ទោះបីជាមិនបានបើកទាំងស្រុងក៏ដោយ តែសម្រាប់វិស័យដឹកជញ្ជូនលោកថា វានឹងអាចជួយសម្រួលការដឹកជញ្ជូនបានច្រើនដែរ ជាពិសេសការបើកដំណើរការក្រុមហ៊ុនដឹកជញ្ជូននឹងកើនឡើង ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនប្រមាណ៥០% បាននិងកំពុងដំណើរការទៅហើយនោះ។

ដោយឡែក ខាងវិស័យវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ និងស្បែកជើង ដែលកំពុងជំរុញការបើកដំណើរការឡើងវិញជាបណ្ដើរៗផងដែរនោះ ត្រូវបានលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថា ការបិទបញ្ចប់ការបិទខ្ទប់នេះ វាប្រាកដជាជួយ ប៉ុន្តែជួយបានក្នុងកម្រិតណា លោកមិនទាន់អាចនិយាយបាននៅឡើយទេ។

លោក កាំង ម៉ូនីកា បានបញ្ជាក់បន្ថែមថា នៅមានបញ្ហាប្រឈមជាច្រើនទាក់ទងនឹងវិធានការសុវត្ថិភាព ដែលវាពិតជាលំបាកណាស់សម្រាប់វិស័យកាត់ដេរ ក្នុងការត្រលប់ទៅរកផលិតកម្មធម្មតាវិញដោយសារ រោងចក្រត្រូវតែបង្កើនសុវត្ថិភាពខ្ពស់ នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ដោយសារការអនុវត្តគម្លាតសុវត្ថិភាព ដូច្នេះ យើងមិនអាចឲ្យកម្មករ-កម្មការនីទាំងអស់វិលត្រឡប់ទៅធ្វើការដូចពីមុនបានទេ ព្រោះថា យ៉ាងហោចណាស់កម្មករនិយោជិតទាំងអស់ត្រូវចាក់វ៉ាក់សាំងឲ្យបាន ៨០%សិន ទើបអាចេះជួយបានច្រើន ដូច្នេះ ការចាក់វ៉ាក់សាំងកាន់តែលឿន ក៏អាចជួយបានច្រើនដែរ។

បើតាមអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជារូបនេះ មកទល់នឹងពេលនេះមានរោងចក្រប្រមាណ១០០រោងចក្រ ដែលបានបើកដំណើរការឡើងវិញនៅក្នុងតំបន់លឿង ប៉ុន្តែ សមត្ថភាពនៃផលិតកម្ម គឺមិនទាន់ពេញលេញទេ។

ចំណែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាវិញយល់ឃើញថា ការសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនេះ អាចដូចជាការបើកសសសៃឈាមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ព្រោះថា រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលជំនួញ ពាណិជ្ជកម្ម និងរោងចក្រឧស្សាហកម្ម ដ៏ធំរបស់កម្ពុជា។

យ៉ាងណាមិញលោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា ចំនួនអ្នកឆ្លងនៅតែបន្តកើតមានរាប់រយអ្នកក្នុងមួយថ្ងៃ ដែលនេះអាចជាហានិភ័យ និងជាបញ្ហាប្រឈមផងដែរ ដែលអាចបន្ដរីករាលកាន់ខ្លាំង។ តែលោកបញ្ជាក់ថា ការបើកនេះអាចនឹងជាដំណាក់កាលនៃការសាកល្បង របស់រាជរដ្ឋាភិបាលចំពោះស្ថានភាពជំងឺកូវីដ-១៩ ថាតើបន្ទាប់ពីបើកហើយ ស្ថានភាពនឹងនរ ឬកាន់វឹកវរជាងនេះ។

យ៉ាងណាក៏ដោយចុះ ស្ថានភាពនៃការរាលត្បាតលជំងឺកូវីដ-១៩ នៅប៉ុន្មានថ្ងៃមកនេះ ហាក់មិនមានការថមថយនោះទេ ដែលពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្លាប់មានជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកឆ្លងមានការកើនឡើងជាលំដាប់ ដោយគ្រាន់តែតួលេខអ្នកឆ្លងថ្មីកាលពីថ្ងៃទី០៣ឧសភា ជិតមួយពាន់នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមានតែជាង៣៦០នាក់ប៉ុណ្ណោះ។ នៅក្នុងនោះដែរ រាជធានីភ្នំពេញ និងខេត្តកណ្តាលមានចំនួនអ្នកឆ្លងច្រើនជាង។ ដូច្នេះ យើងនឹងរង់ចាំមើលបន្ដទៀតថា តើវិធានការបញ្ចប់ការបិទខ្ទបស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលនេះ នឹងមានប្រសិទ្ធភាពបែបណាខ្លះ ចំពោះសេដ្ឋកិច្ច ក៏ដូចជាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩?៕

None



អត្ថបទបន្ទាប់


ព្យុះកូវីដ-១៩ ធ្ងន់ធ្ងរនៅឥណ្ឌា កំពុងធ្វើឲ្យប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា

ក្រោយពីប្រទេសឥណ្ឌាមានការផ្ទុះរីករាលដាលឆ្លងកូវីដ-១៩ ខ្លាំង កម្ពុជាថ្មីៗនេះ ក៏បានសម្រេចហាមឃាត់ការធ្វើដំណើរពីឥណ្ឌា និងបានផ្អាកបណ្ដោះអាសន្នការ…

ធនាគារថៃសន្យាផ្តល់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន

ធនាគារនាំចេញ-នាំចូលរបស់ថៃ Exim Thailand សន្យានឹងផ្ដល់ប្រាក់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន ដើម្បីជួយលើកកម្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ