សន្ទស្សន៍តម្លៃកៅស៊ូពេលអនាគតបានបង្ហាញថា តម្លៃកៅស៊ូត្រូវបានជួយដូរក្នុងតម្លៃជាង២ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមនៅថ្ងៃសុក្រសប្ដាហ៍មុននៅលើការផ្សារហ៊ុន Osaka Exchange។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ខែមេសា និងខែឧសភា ត្រូវបានគេចាត់ទុកថា ជាខែធ្លាក់ចុះទិន្នផលកៅស៊ូនៅតាមបណ្ដាប្រទេសនាំចេញកៅស៊ូធំៗរួមទាំងថៃ និងវៀតណាមផងដែរ ហើយការធ្លាក់ចុះទិន្នផលកៅស៊ូនេះបានអូសបន្លាយពេលយូរនៅក្នុងឆ្នាំនេះ ដោយសាររដូវធ្លាក់ភ្លៀងមានភាពយឺតយ៉ាវនៅក្នុងរដូវវស្សា ដែលបណ្ដាលមកពីឥទ្ធិពលនៃបាតុភូតរលកកម្ដៅអែលនីណូ ដែលជាហេតុធ្វើឱ្យតម្លៃកៅស៊ូឡើងខ្ពស់កម្រមាននៅក្នុងខែមិថុនា។
ផលិតកម្មសំបកកង់យានយន្តនៅទូទាំងពិភពលោកត្រូវការកៅស៊ូធម្មជាតិ ជាង៧០% ហើយចិនជាទីផ្សារផលិតយានយន្តធំជាងគេបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែដោយសារពេលនេះតម្រូវការកៅស៊ូធម្មជាតិ នៅប្រទេសចិន បានចុះខ្សោយ ដោយសារសន្ទុះនៃការលក់រថយន្ត ជាពិសេសរថយន្តអគ្គិសនីធ្លាក់ចុះ បានបណ្តាលឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ក៏មានការថយចុះទៅតាមនឹងដែរ។
ការឡើងថ្លៃប្រាក់យ៉េនរបស់ជប៉ុនថ្មីៗនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃកៅស៊ូនាពេលអនាគតផងដែរ ហើយទិដ្ឋភាពដ៏លេចធ្លោនៅក្នុងទីផ្សារនេះ គឺតម្លៃកៅស៊ូអាចនឹងងើបឡើងវិញច្រើនជាងការធ្លាក់ចុះថែមទៀតនាពេលខាងមុខ៕