ថ្មីៗនេះរដ្ឋាភិបាលថៃបានអនុម័តសេចក្តីណែនាំសាកល្បងមួយដែលមានឈ្មោះថា “Phuket Sanbox” ។ គ្រោងទេសចរណ៍ពិសេសួយនេះ គឺជាគម្រោងលើកសាកល្បង សម្រាប់ការស្ដារវិស័យទេសចរណ៍ក្នុប្រទេសថៃឡើងវិញដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានទទួលថ្នាំវ៉ាក់សាំងបង្ការកូវីតរួចហើយអាចចូលទៅភូកេតដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័ក។
យោងតាមគេហទំព័រស្ថានទូតថៃប្រចាំកម្ពុជាបានឲ្យដឹងថា មានលក្ខណៈជាច្រើនយ៉ាងណាស់ ដែលភ្ញៀវទេសចរត្រូវគោរពមុននឹងអាចទៅកម្សាននៅលើកោះភូកេតបាន។
តើអ្នកដំណើរដែលទទួលបានសិទ្ធិឲ្យទៅកម្សាន្ដនៅភូកេតត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
១, អ្នកដំណើរត្រូវតែបង្ហាញបណ្ណចាក់វ៉ាក់សាំងប្រឆាំងនឹងជម្ងឺកូវីត-១៩ ដែលទទួលដោយអង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលថៃ មិនតិចជាង ១៤ ថ្ងៃមុនពេលចេញដំណើរមកកាន់ប្រទេសថៃ។ សម្រាប់បណ្ណចាក់វ៉ាក់សាំងនៅកម្ពុជា ដែលដាក់ឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល (បណ្ណពណ៌ខៀវ) និងបណ្ណដែលបានដាក់ចេញដោយក្រសួងការពារជាតិ (បណ្ណពណ៌ស) ក៏អាចប្រើជាលិខិតបញ្ជាក់វ៉ាក់សាំងសម្រាប់គម្រោង Phuket Sandboxរបស់ថៃផងដែរ។ ប្រភេទវ៉ាក់សាំងដែលថៃទទួលស្គាល់រួមមាន Pfizer, AstraZeneca, Covishield, Sinovac, Sinopharm, Johnson&Johnson និងModerna។
២, ចំពោះក្មេងអាយុក្រោម ១៨ឆ្នាំធ្វើដំណើរជាមួយឪពុកម្តាយ ឬអាណាព្យាបាលមានសិទ្ធិទៅកម្សាន្ដនៅកោះភូកេតបានដូចគ្នា ដោយមិនចាំបាច់បង្ហាញពីឯកសារចាក់វ៉ាក់សាំងនោះឡើយ។
៣, អ្នកធ្វើដំណើរត្រូវតែធ្វើដំណើរ ឬឆ្លងកាត់បណ្តាប្រទេស ដែលបានអនុម័តដោយក្រសួងសុខាភិបាលថៃដែលបច្ចុប្បន្នរួមមាន ប្រទេសកម្ពុជា និងសិង្ហបុរី ប៉ុន្ដែ បច្ចុប្បន្ននេះ ជើងហោះហើរពីកម្ពុជាទៅភូកេត គឺមានតែត្រូវធ្វើដំណើរទៅកាន់សិង្ហបុរីសិនទើបមានជើងហោះ។ អ្នកដំណើរ ត្រូវតែបញ្ជាក់ថា ពួកគេបានស្នាក់នៅក្នុងប្រទេសទាំងនេះ យ៉ាងហោចណាស់២១ថ្ងៃជាប់ៗគ្នា មុនពេលធ្វើដំណើរចូលទៅភូកេត។
៤, អ្នកធ្វើដំណើរត្រូវតែមានបណ្ណធានារ៉ាប់រង ដែលគ្របដណ្តប់លើការព្យាបាល និងការចំណាយទាក់ទងទៅនឹងជម្ងឺកូវីដ-១៩ យ៉ាងហោចណាស់ ១០ម៉ឺនដុល្លារអាមេរិក។
ចំពោះលក្ខខណ្ឌពេលទៅដល់ប្រទេសថៃវិញ តើអ្នកធ្វើដំណើរត្រូវធ្វើដូចម្ដេចតទៀត?
១, អ្នកដំណើរត្រូវស្នាក់នៅសណ្ឋាគារ ដែលមាននឹងស្តង់ដារ SHA+ (ស្ដង់ដារកំណត់ដោយអាជ្ញាធរថៃ) យ៉ាងហោចណាស់១៤យប់ លើកលែងតែពួកគេមានឯកសារបញ្ជាក់ថា ពួកគេពិតជាត្រូវចាកចេញពីកោះភូកេត ទៅកាន់ប្រទេសផ្សេងទៀតនៅមុនរយៈពេ១៤ថ្ងៃ។
២, អ្នកដំណើរត្រូវតែស្នាក់នៅសណ្ឋាគារតែមួយ រយៈពេល៧ថ្ងៃដំបូងសិន ទើបអាចពួកគេអាចប្ដូរសណ្ឋាគារបាន
៣, បន្ទាប់ពីស្នាក់នៅបាន១៤ថ្ងៃនៅកោះភូកេតរួចហើយ អ្នកដំណើរអាចធ្វើដំណើរទៅកម្សាន្ដនៅតំបន់ទិសដៅទេសចរណ៍ផ្សេងៗទៀតបាននៅទូទាំងប្រទេសថៃ។
តើការតេស្ដរកកូវីដ-១៩វិញដំណើរការយ៉ាងដូចម៉េចដែរ?
១, . អ្នកដំណើរនឹងត្រូវធ្វើតេស្ដរកកូវីដ-១៩ លើកទី១ គឺនៅរយៈពេល៧២ម៉ោងមុនការធ្វើដំណើរមកដល់ប្រទេសថៃ។ បន្ទាប់មក ពេលមកដល់កោះភូកេតត្រូវតេស្ដម្ដងទៀត ហើយអំឡុងពេលស្នាក់នៅថ្ងៃទី៦ ឬទី៧ថ្ងៃលើកោះភូកេតនឹងត្រូវតេស្ដកូវីដ-១៩មួយលើកទៀត និងថ្ងៃទី ១២-១៣ ក៏នឹងត្រូវតេស្ដម្ដងទៀតដែរ។
២, សម្រាប់ក្មេងវ័យក្រោម៦ឆ្នាំ អាចនឹងធ្វើតេស្ដតែមួយលើកប៉ុណ្ណោះ ប្រសិនបើលទ្ធផលតេស្ដរបស់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគេអវិជ្ជមាន។
ក្រៅពីនេះ អ្នកធ្វើដំណើរត្រូវតែតំឡើងនិងប្រើប្រាស់កម្មវិធីតាមដានទីតាំងដែលបានកំណត់ដោយរាជរដ្ឋាភិបាលថៃក្នុងរយៈពេល១៤ ថ្ងៃនៅភូកេត។ បើមិនដូច្នោះទេពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យទៅកន្លែងផ្សេងៗទៀតនៃប្រទេសថៃនោះឡើយ។
សូមបញ្ជាក់ថា តាមរយៈនូវការដាក់ចេញគម្រោងបើកកោះភូកេត និងខេត្តផ្សេងៗទៀតនេះ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិប្រមាណ៣លានាក់ និងចំណូលប្រមាណជាង៦,៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១នេះ៕
អត្ថបទប្រែសម្រួលដោយ៖ ស៊ើង និមល់