ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា លទ្ធផលនៃការប្រមូលចំណូលរបស់ពន្ធដារនៅរយៈពេល៥ឆ្នាំចុងក្រោយនេះ នៅតែមានស្ថានភាពល្អប្រសើរ និងលើសផែនការគ្រោងទុកផងដែរ តាមរយៈការកែទម្រង់ របស់ប្រព័ន្ធពន្ធដារកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល៥ឆ្នាំកន្លងមកនេះ ពោលចាប់តាំងពីឆ្នាំ ២០១៨ មក ការប្រមូលចំណូលពន្ធដារមានការកើនលើសផែនការប្រចាំឆ្នាំ បើទោះបីរងផលប៉ះពាល់ ដោយវិបត្តិជំងឺកូវីដ១៩ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជាក្តី។ តួយ៉ាង នៅមុនមានវិបត្តិកូវីដ១៩ គឺនៅឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលលើសផែនការចំនួន ២៣% ខណៈនៅឆ្នាំ២០២០ ដោយសារជួបបញ្ហាកូវីដ១៩ ការប្រមូលចំណូលត្រូវបានព្យាករថា អាចធ្លាក់ចុះពី៤០% ទៅ៥០% ក៏ប៉ុន្តែ នៅទីបំផុត អគ្គនាយកដ្ឋានពន្ធដានៅតែអាចប្រមូលចំណូលលើសផែនការជាង១%ផងដែរ។
ឯកឧត្តម គង់ វិបុល បានសង្កត់ធ្ងន់ថា ការកើនឡើងក្នុងឆ្នាំ២០២០ គឺដោយសារចំហាយមកពីឆ្នាំ២០១៩ ដែលសហគ្រាស ឬក្រុមហ៊ុនទាំងនោះមានផលចំណេញ និងត្រូវបានមកប្រកាសបង់ពន្ធក្នុងឆ្នាំ២០២០។ ហើយនៅឆ្នាំ២០២១ វិញ អគ្គនាយកដ្ឋានពន្ធដារយល់ថា ការប្រមូលចំណូលអាចមានការ ពិបាក ព្រោះជាពេលដែលស្ថិតក្នុងស្ថានភាពបិទខ្ទប់ច្រើន ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ប៉ុន្តែនៅឆ្នាំ២០២១ បែរជាឆ្នាំដែលល្អទៅវិញ ទោះបីជាមានការបិទខ្ទប់ក៏ដោយ ដែលការប្រមូលចំណូលនៅតែបានលើសផែនការរហូតដល់ ២៤% ឯណោះ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៅតែប្រមូលចំណូលលើសផែនការទៀតផងដែរ ពោលគឺលើសប្រមាណជាង ២២%។ ឯកឧត្តម គង់ វិបុល បន្ថែមថា ដូច្នេះ បញ្ហាកូវីដ១៩ រយៈពេល៣ឆ្នាំមកនេះ អគ្គនាយកដ្ឋានពន្ធដារអាចទប់ទល់បាននូវចំណូលក្នុងស្រុកផងដែរ។
ការប្រមូលពន្ធមានភាពល្អប្រសើរយ៉ាងដូច្នេះ ឯកឧត្តម គង់ វិបុល បានអះអាងថា ក៏ដោយសារការរៀបចំកំណែទម្រង់យ៉ាងមុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មក ដោយបានរៀបចំកំណែទម្រង់រចនាសម្ព័ន្ធរបស់ពន្ធដារ ដូចជា ការគ្រប់គ្រងធនធានមនុស្ស ការរៀបចំធ្វើបច្ចុប្បន្នភាព ការចុះបញ្ជីក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធ ការដាក់លិខិតប្រកាសបង់ពន្ធ ការពង្រឹងយន្តការធ្វើសវនកម្ម ការគ្រប់គ្រងបំណុល និងការដោះស្រាយវិវាទជាដើម។
យ៉ាងណាមិញ បើតាម ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ បានធ្វើឲ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើពន្ធពីក្រៅពី ៦៥% មកនៅត្រឹម ១១% ប៉ុណ្ណោះ។ ហើយការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ មិនត្រឹមតែបានធ្វើឲ្យស្ថានភាពនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កាន់តែល្អប្រសើរនោះទេ ថែមទាំងជួយឲ្យកម្ពុជា កាត់បន្ថយការពឹងផ្អែកលើប្រភពថវិកាពីខាងក្រៅ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ថែមទៀតផង។
សូមជម្រាបថា តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធផ្ទៃក្នុងឱ្យបានចំនួនប្រមាណជាង ៣ពាន់៥រយលានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៕