នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានគូសបញ្ជាក់ថា អ្នកការទូតកំពូលរបស់ចិន គឺលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចនៅអូស្ត្រាលី នាសប្តាហ៍ក្រោយនេះ ដែលជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺបានបង្ហាញពីវឌ្ឍនភាព និងជាឱកាសដ៏ល្អសម្រាប់អូស្ត្រាលី ក្នុងការឈានទៅលុបបំបាត់ឧបសគ្គពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងអូស្រ្តាលីជាមួយចិន មានភាពតានតឹងខ្លាំងចាប់តាំងពីចិន បានពង្រឹងកម្លាំងកងទ័ពជើងទឹក ហើយជាពិសេសនៅឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលអភិរក្សនិយមអាណត្តិមុនបានហាមឃាត់ក្រុមហ៊ុន Huawei ក្នុងការទទួលបានឧបករណ៍សម្រាប់ធ្វើទំនើបកម្មបណ្តាញ ៥G នៅអូស្ត្រាលី។ បន្ទាប់មកទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា អំពាវនាវឱ្យមានការស៊ើបអង្កេតដ៏ឯករាជ្យលើប្រភពដើមនៃ COVID-19។
ជាការឆ្លើយតបនឹងបញ្ហានេះ ចិនបានរឹតបន្តឹងការចេញទៅបន្តការសិក្សារបស់និស្សិតចិន មកកាន់អូស្រ្តាលី និងបានកំណត់តម្លើងពន្ធលើទំនិញអូស្ត្រាលីមួយចំនួនរាប់ចាប់តាំងពីស្រា និង សាច់គោជាដើម ប៉ុន្តែថ្មីៗនេះអាជ្ញាធរចិន ហាក់កែសម្រូលវិធានការរឹតបន្តឹងរបស់ខ្លួនឡើងវិញ ដោយរួមទាំងការដកចេញនូវពន្ធលើស្រាអូស្ត្រាលីជាបណ្តោះអាសន្នផងដែរ។ បើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី ការនាំចេញស្រារបស់អូស្ត្រាលី ទៅកាន់ប្រទេសចិន មានតម្លៃជាង៦៦២លានដុល្លារ នៅក្នុងមួយឆ្នាំ។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ទីក្រុងកង់ប៉េរ៉ា ត្រូវបានគេរំពឹងទុកថា អ្នកការទូតកំពូលរបស់ចិនរូបនេះនឹងពិភាក្សាជាមួយនឹងសមភាគីអូស្រ្តាលី លើបញ្ហាមួយចំនួនដែលរួមមានបញ្ហាអគ្គកុងស៊ុល ឧបសគ្គពាណិជ្ជកម្ម សិទ្ធិមនុស្ស ការការពារជម្លោះ និងសន្តិសុខក្នុងតំបន់៕
ដោយៈ សរ សុជាតិ