ផ្អែកតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយតំបន់អាស៊ាន នៅត្រីមាសទី១ឆ្នាំ២០២៣នេះ មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារអាមេរិក ថយចុះ១៦%។ ក្នុងនោះ ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារឈានមុខគេរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅត្រីមាសទី១ឆ្នាំ២០២៣ មានទឹកប្រាក់សរុបជាង ១ពាន់៨រយលានដុល្លារ កើនឡើងជាង ៨%។ រីឯ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ វិញមានទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៩%។ ដោយឡែក ប្រទេសឥណ្ឌូនេស៊ី បានស្ថិតក្នុងលំដាប់លេខ៣ ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ៣០០លានដុល្លារ កើនឡើង ៤៣%។
ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់។ ចំណែកឯ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចូលពីបណ្ដាប្រទេសអាស៊ាន រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងយានយន្ត ជាដើម។
ក្រុមអ្នកជំនាញធ្លាប់បានអះអាងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បន្តធ្លាក់ចុះ នៅត្រីមាសទី១ឆ្នាំ២០២៣នេះ ព្រោះតែឥទ្ធិពលនៃវិបត្តិភពលោកនៅតែបន្តអូសបន្លាយ ដែលធ្វើឲ្យការបញ្ជាទិញរបស់កម្ពុជាពីទីផ្សារគោលដៅត្រូវថយចុះ ជាពិសេសទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក តែម្ដង ដែលជាទីផ្សារគោលដៅដ៏ធំរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ និងទំនិញដែលកម្ពុជាបាននាំចូលពីអន្តរជាតិវិញ មានទំហំទឹកប្រាក់សរុបជាង ៥,៨ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕