ធនាគារពិភពលោកបានព្យាករចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០២២ថា នឹងកើនយឺតមកនៅត្រឹមកំណើន ៤,១%ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២១កើន ៥,៥%។ ដោយឡែក នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្ដថមថយថែមទៀតមកនៅត្រឹម ៣,២% ដោយសារតែតម្រូវការធ្លាក់ចុះ ហើយរដ្ឋាភិបាលប្រទេសនានានឹងបន្ធូរបន្ថយការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុ ដែលធ្លាប់ផ្ដល់ឲ្យយ៉ាងសម្បើមកាលពីអំឡុងមានការរាតត្បាតកូវីដ១៩គ្រាដំបូង។
ដោយឡែក សម្រាប់ការព្យាករពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកវិញ ក៏ត្រូវបានគេរំពឹងថា នឹងមានទាបជាងមុនដែរ ដោយការធ្វើបច្ចុប្បន្នភាពរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែមករាខាងមុខនេះ។
យ៉ាងណាក៏ដោយចុះ បើមើលទៅលើរបាយការណ៍ពីធនាគារពិភពលោកបង្ហាញថា សម្រាប់ឆ្នាំ២០២១ សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍ គឺមានការស្ទុះងើបឡើងខ្លាំង បន្ទាប់ពីសេដ្ឋកិច្ចប្រទេសទាំងនេះ បានដាំក្បាលចុះកាលពីឆ្នាំ២០២០។ ក៏ប៉ុន្ដែ ធនាគារពិភពលោក ក៏ព្រមានផងដែរ អំពីការកើនឡើងកម្រិតអតិផរណាក្នុងរយៈពេលវែង បញ្ហាទាក់ទងនឹងខ្សែចង្វាក់ផ្គង់ផ្គង់ និងកម្លាំងពលកម្ម និងការរាតត្បាតនៃមេរោគបំប្លែងថ្មីៗ ដែលបញ្ហាទាំងនេះ ទំនងជាធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅទូទាំងពិភពលោកនឹងមានការធ្លាក់ចុះ។ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស និយាយថា ប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមបញ្ហាធ្ងន់ធ្ងររយៈពេលវែង ទាក់ទងនឹងអត្រានៃការចាក់វ៉ាក់សាំងមានក្នុងកម្រិតទាប បញ្ហាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកល និងបន្ទុកបំណុលជាដើម។
របាយការណ៍ពីធនាគារពិភពលោកបង្ហាញថា តាមការព្យាករ កំណើនរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿននឹងមានត្រឹម ៣,៨% នៅឆ្នាំ២០២២ ថមថយពី ៥% កាលពីឆ្នាំ២០២១ ខណៈនៅឆ្នាំ២០២៣ នឹងរក្សាបានកំណើន ២,៣%។ ទោះយ៉ាងណា ទិន្នផល និងការវិនិយោគនៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន ត្រូវបានរំពឹងថា នឹងវិលត្រឡប់មកធម្មតាវិញនៅក្រោយកូវីដ១៩ នៅឆ្នាំ២០២៣។
ដោយឡែក សម្រាប់សេដ្ឋកិច្ចអាមេរិកវិញនៅឆ្នាំ២០២១ ត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណថាកើន ៥,៦% ហើយកំណើននេះនឹងថមថយមកនៅត្រឹម៣,៧%នៅក្នុងឆ្នាំ២០២២។ រីឯ សេដ្ឋកិច្ចជប៉ុនវិញ នៅឆ្នាំ២០២១ មានកំណើន១,៧% និងបន្ដកើនដល់២,៩% នៅឆ្នាំ២០២២។ ចំពោះសេដ្ឋកិច្ចមហាយក្សចិនឯណោះវិញ ត្រូវបានធនាគារពិភពលោករំពឹងថា នឹងកើនដល់៨% នៅឆ្នាំ២០២១ ហើយឆ្នាំ២០២២នឹងកើនយឺតមកនៅត្រឹម ៥,១% និងឆ្នាំ២០២៣ កើន ៥,៣%។
គិតមកទល់បច្ចុប្បន្ន មានមនុស្សប្រហែលជាង៣០០លាននាក់ហើយ ដែលបានឆ្លងកូវីដ១៩នៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់៥លាន៨សែននាក់។ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងវិញ នៅទូទាំងពិភពលោកទើបតែមានប្រមាណ៦០%ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ខណៈនៅប្រទេសចំណូទាប និងមធ្យមវិញ មានប្រមាណតែ៩%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបាន១ដូស។ នេះបើតាមតួលេខពីស្ថាប័ន Our World in Data៕