ថ្លែងក្នុង វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីតភ្ជាប់រវាងប្រទេសជាច្រើនក្នុងតំបន់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ។ ឯកឧត្តម បានបន្តថា សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណានកំពុងតែសាងសង់នូវកំពង់ផែពាណិជ្ជកម្មសេរី នឹងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត លើការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម ការស្រូបយកការវិនិយោគពីបរទេស និងជំរុញវិស័យឧស្សាហកម្មផងដែរ។
ជាមួយគ្នានេះ លោក SHEN Danyang អភិបាលរងខេត្តហៃណាន បានបញ្ជាក់ថា កាលានុវត្តភាពនៅខេត្តហៃណានបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការកែសម្រួលគោលនយោបាយអនុគ្រោះពន្ធ ការវិនិយោគ ជាពិសេសការកសាងនូវកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ អ្វីដែលពិសេស ការពង្រីកទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រាប់ការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្នខេត្តហៃណានកំពុងនាំចូលផ្លែចេកស្រស់ និងម្រេចពីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន)នេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ផងដែរ គឺទី១. រវាងសភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មខេត្តហៃណាន និងក្រុមហ៊ុនឯកជនកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការលើការដាំដុះម្រេច និងទី២. រវាងក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនខេត្តហៃណាន ស្តីពី កិច្ចជំរុញសហប្រតិបត្តិការឧស្សាហកម្ម។
គួរជម្រាបថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅក្នុងឆ្នាំ២០២២ ដោយសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ១១ពាន់លានដុល្លារ កើនឡើងជិត ៤,៤% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់សរុបជាង ១ពាន់លានដុល្លារ ថយចុះជិត ១៨% ខណៈការនាំចូលទំនិញពីចិនមកវិញ មានទំហំទឹកប្រាក់សរុបជាង ១០ពាន់លានដុល្លារ កើនឡើងជិត៨%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕