លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមហ៊ុន Apple កំពុងគំរាម និងដាក់សម្ពាធ Twitter ដោយទាមទារឱ្យរឹត្បិតលើមាតិកាណាដែលបំពានច្បាប់ ឬបង្កការប៉ះពាល់អវិជ្ជមានជាដើម បន្ទាប់ពី Apple បានបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គមយក្សមួយនេះផងដែរ។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ មិនទាន់ត្រូវបានបញ្ជាក់ដោយ Apple នៅឡើយទេ ខណៈក្រុមហ៊ុនយក្សអាមេរិកនេះ ធ្លាប់បានដក App មួយចំនួនចេញពីកម្មវិធី App Store របស់ខ្លួន ដូចជា Gab និង Parler ជាដើម ។ Parler ដែលជា App ពេញនិយមខ្លាំងជាមួយនឹងក្រុមអភិរក្សនិយមអាមេរិក ត្រូវបាន Apple អនុញ្ញាតឱ្យដាក់ក្នុង App Store ឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពី App នេះបានធ្វើកំណែប្រែអនុវត្តត្រឹមត្រូវនូវការចេញមាតិការបស់ខ្លួន។
App Store របស់ Apple គឺជាច្រកផ្លូវតែមួយគត់ក្នុងការបែងចែកកម្មវិធី Software ទៅកាន់តែ iPhone និង iPad។ ប្រសិនបើកម្មវិធី Twitter ត្រូវបានដកចេញនោះ បណ្តាញសង្គមមួយនេះ នឹងបាត់បង់កន្លែងចែកចាយកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ Apple បានតម្រូវឱ្យអ្នកបង្កើត App សម្រាប់ iPhone ទាំងឡាយត្រូវចំណាយចន្លោះពី ១៥% ទៅ ៣០% នៃទំនិញឌីជីថលណាមួយដែលលក់បានតាមរយៈ App Store គឺត្រូវចែកទៅឲ្យក្រុមហ៊ុន Apple។
សូមជម្រាបថា ក្រោយលោក Elon Musk ចូលកាន់កាប់ក្រុមហ៊ុន Twitter គឺលោកកាត់បន្ថយការចំណាយជាច្រើន ក្នុងនោះការចំណាយលើការផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះនៅចន្លោះថ្ងៃទី ១០ ដល់ ១៦ វិច្ឆិកា ២០២២ មានចំនួនប្រហែលជាង ១៣ម៉ឺនដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ២២ម៉ឺនដុល្លារ ក្នុងចន្លោះពីថ្ងៃទី១៦ ដល់ ២២ តុលា គឺជារយៈពេល១សប្តាហ៍មុនការចូលមកដល់របស់មហាសេដ្ឋីពិភពលោករូបនេះ។ នេះបើយោងតាមក្រុមហ៊ុនវាស់វែងការផ្សព្វផ្សាយ Pathmatics។
គួររំលឹកដែរថា នៅត្រីមាសទី១នៃឆ្នាំ២០២២ ក្រុមហ៊ុន Apple គឺជាអ្នកផ្សព្វផ្សាយច្រើនជាងគេមួយ នៅលើ Twitter ដោយចំណាយប្រមាណ ៤៨លានដុល្លារ ឬប្រហែលជាង ៤% នៃចំណូលសរុបរបស់ Twitter៕
អត្ថបទ៖ នៅ សំភី