តើអ្វីខ្លះ ជាភាពខ្លាំង និងភាពខុសគ្នា រវាងទីផ្សារទាំងនេះសម្រាប់កម្ពុជា? តើកម្ពុជា ត្រូវធ្វើដូចម្ដេចបន្ថែមទៀត ដើម្បីអាចទាញប្រយោជន៍ពាណិជ្ជកម្មជាអតិបរមាពីទីផ្សារដ៏សំខាន់ទាំងពីរនេះ?
ប្រទេសចិនឈរនៅលំដាប់ទី១ ខណៈសហរដ្ឋអាមេរិក ស្ថិតចំណាត់ថ្នាក់ទី២ នៃប្រទេសដៃគូពាណិជ្ជកម្មធំៗ របស់កម្ពុជា ខណៈវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៣។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានរហូតជិត៥ពាន់លានដុល្លារ កើនឡើង២៦%។ ដោយឡែក ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក វិញ មានប្រមាណ៣ពាន់៨រយលានដុល្លារ បានកើនឡើង៥៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ក្រុមអ្នកជំនាញ និងអ្នកជំនួញ សុទ្ធតែបានយល់ឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំ និងសំខាន់បំផុតសម្រាប់កម្ពុជា ក្នុងការនាំចេញ-ចូលទំនិញ ហើយកម្ពុជាក៏មិនអាចចោលមួយណាបានឡើយ។ បើមើលទៅលើមុខទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន វិញភាគច្រើនជាកសិផល តែការនាំចេញទៅអាមេរិកវិញផ្ដោតសំខាន់លើផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានគូសបញ្ជាក់ដែរថា ដើម្បីឲ្យកម្ពុជា អាចទាញប្រយោជន៍ពីទីផ្សារធំៗទាំង២នេះបន្ថែម កម្ពុជាត្រូវតែជំរុញខ្សែចង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ដែលជាវិស័យសក្ដានុពលរបស់កម្ពុជា។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ និងបណ្ឌិត គី សិរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ចិននិងអាមេរិក សុទ្ធតែជាប្រទេសដែលមានតម្រូវការខ្ពស់ ក៏ប៉ុន្តែ ប្រទេសចិន គឺជាទីផ្សារធំសម្រាប់កម្ពុជា ដើម្បីនាំចូលវត្ថុធាតុដើមមកកម្ពុជា និងការនាំចេញនូវផលិតផលសម្រេចកម្ពុជា ទៅចិនវិញ ដូចជា ផលិតផលកសិកម្ម ជាដើម។ ចំណែកសហរដ្ឋអាមេរិកវិញ ជាទីផ្សារដែលអាចឲ្យកម្ពុជា នាំចេញនូវផលិតផលសម្រេច ដូចជា ផលិតផលកាត់ដេរ ដូច្នេះ ទីផ្សារទាំង២នេះ សុទ្ធតែជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមិនអាចខ្វះមួយបានឡើយ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅតែយល់ឃើញថា កម្ពុជា នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ ក្នុងការប្រកួតប្រជែង ដែលទាមទារឲ្យកម្ពុជា បង្កើនការអភិវឌ្ឍ និងជំរុញផលិតភាពឲ្យបានច្រើនលើវិស័យដែលមានសក្ដានុពល ពិសេសវិស័យកសិកម្ម តែម្ដង។
ជាមួយគ្នានោះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា ក៏បានចាត់ទុកដែរថាភាគីចិន និងភាគីអាមេរិក គឺជាទីផ្សារធំនិងមានសារៈសំខាន់បំផុតរបស់កម្ពុជា ហើយកម្ពុជា ពិតជាមិនអាចខ្វះការសហការពីភាគីណាមួយឡើយ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះ កម្ពុជា នៅតែត្រូវការវត្ថុធាតុដើមផ្សេងៗ ដើម្បីជំរុញផលិតភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ដើម្បីជំរុញកំណើននៃការនាំចេញ កម្ពុជា បាននិងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ពិសេសតាមរយៈការកែទម្រង់ច្បាប់វិនិយោគថ្មី ក៏ជាឱកាសសម្រាប់កម្ពុជា បង្កើនសក្ដានុពលរបស់ខ្លួនផងដែរ ខណៈបច្ចុប្បន្ន ឧកញ៉ា បានមើលឃើញថា ទាំងវិនិយោគិនចិន និងអាមេរិក បាននិងកំពុងតែសម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា។
បច្ចុប្បន្ន កម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលអនុញ្ញាតឲ្យកម្ពុជាបង្កើនភាពប្រកួប្រជែង និងទាក់ទាញវិនិយោគិនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិពិសេសទីផ្សារប្រទេសចិន ដោយរួចពន្ធ។
ជាមួយគ្នានេះ សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកវិញ កន្លងមក កម្ពុជាបានទទួលនូវប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិក ប៉ុន្ដែ វាត្រូវបានផុតសុពលភាពតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ហើយមកទល់ពេលនេះ សហរដ្ឋអាមេរិក នៅមិនទាន់បន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ មកឲ្យកម្ពុជានៅឡើយទេ។
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា សកម្មភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែមានសកម្មភាពផុសផុលឡើងវិញ ពិសេសនា រយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ ដែលនេះជាសញ្ញាបញ្ជាក់ឲ្យឃើញថា វិស័យសេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមមានភាពវិជ្ជមាន និងរឹងមាំឡើងវិញ នៅក្រោយពេលដែលកម្ពុជាបានបើកចំហទ្វាប្រទេសឡើងវិញ លើគ្រប់វិស័យ។ ជាក់ស្ដែង ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានចំនួន២២ពាន់លានដុល្លារ កើនឡើងប្រមាណ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕