ជាក់ស្តែង សូម្បីតែប្រទេសចិន ដែលមានវិធានការដ៏តឹងរឹងនឹងកូវីដ១៩ ក៏បានរកឃើញករណីឆ្លងអូមីក្រុងនៅក្នុងសហគមន៍ផងដែរ។ ប្រការនេះកំពុងធ្វើឲ្យអ្នកជំនាញដាក់ការក្រើនរំឭកជាថ្មីថា គេមិនគួរចាត់ទុក ឬឆ្លើយតបនឹងអូមីក្រុង ដូចជាជំងឺគ្រុនផ្តាសាយធម្មតានោះទេ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប លោក ហាន់ ឃ្លើក (Hans Kluge) បានព្រមានថា អូមីក្រុង នឹងធ្វើឲ្យរលកឆ្លងកូវីដ១៩បោកបក់ពេញទ្វីបអឺរ៉ុបពីពេលនេះ ទៅដល់ ៦ ឬ៨សប្តាហ៍ទៀត។ ជាមួយនឹងសម្ទុះឆ្លងលឿនរហ័សនៃអូមីក្រុងនៅដើមឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានវាយតម្លៃថា ជាងពាក់កណ្តាលនៃប្រជាជនអឺរ៉ុបនឹងអាចឆ្លង មេរោគកូវីដ១៩បំប្លែងខ្លួន អូមីក្រុង។
ប្រធាន WHO ប្រចាំតំបន់អឺរ៉ុបរូបនេះឲ្យដឹងទៀតថា តំបន់អឺរ៉ុបកំពុងត្រូវបានវាយសង្គ្រប់ដោយកូវីដ១៩អូមីក្រុង។ ក្នុងនោះ ប្រទេសអឺរ៉ុបចំនួន ៥០ប្រទេសទៅហើយក្នុងចំណោម ៥៣ប្រទេស បានប្រកាសរកឃើញករណីអូមីក្រុងនៅក្នុងសហគមន៍។ ជាមួយគ្នានេះ ករណីឆ្លងថ្មីៗក្នុងតំបន់អឺរ៉ុបដដែល បានកើនលើស ៧លានករណី គិតត្រឹមមួយសប្តាហ៍ដំបូងប៉ុណ្ណោះនៃឆ្នាំ២០២២នេះ។ ចំនួននេះបានកើនឡើងទ្វេដង បើធៀបនឹងអត្រាឆ្លងប្រចាំថ្ងៃនៅប៉ុន្មានសប្តាហ៍មុន។
ដោយមើលឃើញពីល្បឿនចម្លងដ៏លឿនរហ័សរបស់អូមីក្រុង WHO បានព្រមានថា យ៉ាងយូរត្រឹម ២ខែខាងមុខ នឹងមានពាក់កណ្តាលនៃប្រជាជនអឺរ៉ុប ពោលគឺមានប្រជាជនប្រមាណជាង ៣៧០លាននាក់ នឹងឆ្លងកូវីដ១៩អូមីក្រុងទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ មានទិន្នន័យជាច្រើនបានលើកឡើងថា អូមីក្រុង អាចប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើរបស់មនុស្ស ច្រើនជាងប៉ះពាល់ទៅលើសួត ដែលធ្វើឱ្យមេរោគ ប្រភេទនេះមានរោគសញ្ញាស្រាលជាង មេរោគកូវីដ១៩ប្រភេទមុនៗ។ ប៉ុន្តែ WHO នៅតែអះអាងថា ការសិក្សាបន្ថែមទៀតនៅតែត្រូវធ្វើឡើង ដើម្បីបញ្ជាក់ និងស្គាល់ឲ្យបានច្បាស់បន្ថែមទៀតពីមេរោគប្រភេទនេះ។
សូមជម្រាបថា អង្គការសុខភាពពិភពលោកបានបន្តអំពាវនាវ កុំឲ្យឆ្លើយតប ឬចាត់ទុកកូវីដ១៩ ពិសេសកូវីដ១៩អូមីក្រុងថា ជាជំងឺផ្តាសាយធម្មតា និងព្យាយាមបិទបញ្ចប់វាត្រឹមឆ្នាំ២០២២នេះអី។ បើតាមអ្នកជំនាញ វាលឿនរហ័សពេកដែលប្រទេសមួយចំនួន បានចាត់ទុកវាជាជំងឺផ្តាសាយធម្មតា ហើយចង់ឈប់ចាត់ទុកវាជាជំងឺរាតត្បាតនៅត្រឹមឆ្នាំ២០២២នេះ។ មែនទែនទៅ នៅមានរឿងមិនប្រាកដប្រជាជាច្រើនទៀតទាក់ទងនឹងការវិវត្តរបស់មេរោគ ស្របពេលដែលវាអាចបំប្លែងខ្លួនឆាប់រហ័សដូចបានឃើញបច្ចុប្បន្ន ដែលកំពុងបង្កការបញ្ហាប្រឈមថ្មីៗជាច្រើន៕