WHOទទូចអោយផ្អាកចាក់វ៉ាក់សាំងដូសជំរុញ

ប្រធាន WHO ទទូចជាថ្មីទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញពីរខែសិន


ប្រធាន WHO ចេញមុខទទូចម្តងទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញ ពីរខែសិន។ បន្ទាប់ពីហាមមិនស្តាប់ ទប់ក៏មិនជាប់ កុំឲ្យប្រញ៉ាប់ចាក់ដូសទី ៣ នោះ ប្រធានអង្គការសុខភាពពិភពលោក នៅសប្តាហ៍នេះបានចេញមកទទូចសាជាថ្មីម្តងទៀតហើយ ឲ្យ ប្រទេសដែលកំពុងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញ ធ្វើការផ្អាកយុទ្ធនាការនេះចំនួន២ខែសិន ដើម្បីទុកពេលខ្លះសម្រាប់កាត់បន្ថយវិសមភាពវ៉ាក់សាំងក្នុងសកលលោក ព្រមទាំងអនុញ្ញាតឲ្យប្រទេសដែលកំពុងខ្វះខាតវ៉ាក់សាំង មានវ៉ាក់សាំងប្រើប្រាស់ដើម្បីទប់ទល់នឹងកូវីដ១៩បំប្លែងខ្លួនថ្មីផងដែរ។ នេះបើតាមការសារព័ត៌មាន AP។
លោក តេដ្រូស ប្រធានអង្គការសុខភាពពិភពលោក

លោក តេ​ដ្រូ​ស​ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ប្រាប់​អ្នក​សារព័ត៌មាន​អំឡុង​ពេល​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​ហុង​គ្រី ថា​លោក​ពិតជា​ខកចិត្ត​ខ្លាំង​មែនទែន​ចំពោះ​និន្នាការ​នៃ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ក្នុង​ពេល​បច្ចុប្បន្ន​។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់​ថា ស្រប​ពេល​ដែល​ប្រទេស​ក្រីក្រ​ស្វះ​ស្វែងរក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ទី​១ ឬ​ទី​២ មិន​ចង់បាន​ផង បែរជា​ប្រទេស​អ្នកមាន​សំងំ​នាំ​គ្នា​សោយសុខ​ប្រមូល​វ៉ាក់សាំង​ទុក​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប និង បើក​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​ខ្លួន​ថែម​ទៀត​។

ក្បាលម៉ាស៊ីន​ដឹកនាំ​អង្គការ​សុខភាព​ពិភពលោក WHO បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ទាំងអស់ ផ្អាក​ការ​ចាក់​នេះ​២​ខែ​សិន​ទៅ ហើយ​បង្វែរ​វ៉ាក់សាំង​ទាំងនេះ​ដោយ​ចែករំលែក​ជាមួយ​ប្រទេស​ដទៃ​ដែល​កំពុង​ត្រូវការ​វ៉ាក់សាំង​ជា​បន្ទាន់​សម្រាប់​ដូ​ស​ទី​១ និង ទី​២​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ប្រទេស​មួយ​ចំនួន​រួម​មាន សហរដ្ឋអាមេរិក អ៊ី​ស្រា​អែ​ល និង ហុង​គ្រី ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អឺរ៉ុប ម​ជ្ឈឹ​ម​បូព៌ា និង ទ្វីបអាស៊ី​ផង​ដែរ បាន​និង​កំពុង​ផ្តល់​ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​នេះ​។

សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ ទើបបាន​សម្រេច​ដាក់​ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទូ​ទាំង​ប្រទេស ដោយ​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា​ឆ្នាំ​នេះ​តទៅ ខណៈ​ប្រទេស​ហុង​គ្រី កាលពីដើម​ខែសីហា បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចាប់ផ្តើម​ចុះ​ឈ្មោះ​ដើម្បី​ទទួលយក​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​។ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៣​សីហា មាន​ពលរដ្ឋ​ហុង​គ្រី​ជិត ២០​ម៉ឺន​នាក់​ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។

សូម​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ មាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​សរុប​ជិត ៥​ពាន់​លាន​ដូ​ស​ហើយ ត្រូវ​បាន​ចរាចរ​ទៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ ៧៥% នៃ​វ៉ាក់សាំង​ទាំង​អស់នោះ បាន​ធ្លាក់​ដល់​ដៃ​តែ​សម្រាប់ ១០​ប្រទេស​ធំ​ៗ ខណៈ​ដែល​ការ​ប្រើប្រាស់​វ៉ាក់សាំង​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​មាន​ត្រឹម ២% នៃ​ចំនួន​វ៉ាក់សាំង​សរុប​របស់​ពិភពលោក​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​៕

None



អត្ថបទបន្ទាប់


ជប៉ុនអំពាវនាវឲ្យមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ទទួលអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈអ្នកឆ្លងកើនឡើងខ្ពស់

រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអាជ្ញាធរក្រុងតូក្យូ បានចេញមុខអំពាវនាវដល់មន្ទីរពេទ្យនៅក្នុងរាជធានីតូក្យូ ឲ្យទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណ…

ក្រោយបិទទ្វារអស់២សប្តាហ៍ កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក ចាប់ផ្តើមសកម្មភាពឡើងវិញបណ្តើរៗហើយ

កប៉ាល់កុងតឺន័រដឹកទំនិញធំៗចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ នៅក្នុងកំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ក្នុងពិភពលោក ឈ្មោះ នីងបូ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ