លោកវេជ្ជបណ្ឌិត ម៉ៃឃើល រ៉ាយអេន (Michael Ryan) នាយកផ្នែកសង្គ្រោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសិន្និសិទសារព័ត៌មានថា ការចាក់វ៉ាក់សាំងក្នុងកម្រិតមួយខ្ពស់ នឹងអាចជួយឲ្យពិភពលោក ឈានជើងចេញចាកឆា្ងយពីរោគរាតត្បាតជាសកលនេះបានឆាប់ៗ។ និយាយដោយឡែកវានឹងអាចជួយកាត់បន្ថយហានិភ័យសម្រាប់មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីផងដែរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់់ងារសារព័ត៌មាន AP។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នមានប្រទេសអ្នកមានៗជាច្រើន បន្ទាប់ពីបានចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនបានច្រើនហើយនោះ ពេលនេះ ពួកគេឈានដល់ការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ និង កុមារថែមទៀត។ ប៉ុន្តែ ក្នុងនាមជាមន្រ្តីជាន់ខ្ពស់របស់ WHO លោក រ៉ាយអេន បានលើកឡើងដដែលជាដដែលថា ក្មេងជំទង់ និង កុមារជាក្រុមមនុស្សដែលមានការប្រឈមតិចក្នុងការឆ្លងកូវីដ១៩ ហើយបើទោះបីជាឆ្លងក៏មិនស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរនោះដែរ។
យ៉ាងណាមិញ ប្រទេសអ្នកមានទាំងនោះ ដូចជា អាមេរិក និង អង់គ្លេសជាដើម នៅតែបន្តប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារ និង ក្មេងជំទង់ ទោះបីកំពុងរងសម្ពាធឲ្យចែករំលែកវ៉ាក់សំាងដល់ប្រទេសក្រីក្រយ៉ាងណាក្តី។
យ៉ាងណាក៏ដោយចុះ នាយកផ្នែកសង្គ្រោះបន្ទាន់ នៃអង្គការសុខភាពពិភពលោកលោករ៉ាយអិន បានជ្រើសយកចក្រភពអង់គ្លេសធ្វើជាឧទាហរណ៍ ដោយលើកសរសើពីការសម្រុកចាក់វ៉ាក់សាំងនៅអង់គ្លេសបានច្រើន ជាហេតុធ្វើឲ្យអត្រាអ្នកឆ្លងបានថយចុះជាបន្តបន្ទាប់ពីរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ មកនៅប្រមាណ៥ពាន់នាក់ក្នុងមួយថ្ងៃ។
គួរជម្រាបផងដែរថា ពុំមានទិន្នន័យ ឫឯកសារណាមួយបញ្ជាក់ច្បាស់ថា តើការចាក់វ៉ាក់សាំងក្នុងអត្រាប៉ុន្មានភាគរយ ដែលអាចទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ពីមួយទៅមួយបាននោះទេ ប៉ុន្តែអង្គការសុខភាពពិភពលោក បានណែនាំថា យ៉ាងហោចណាស់អត្រាចាក់វ៉ាក់សាំងបាន ៨០% អាចទប់ស្កាត់ការចម្លងទ្រង់ទ្រាយធំបាន។
ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ១៩នេះដែរ ប្រធានអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្មីៗនេះបានអំពាវនាវដល់ក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7 ឲ្យជួយចែករំលែកវ៉ាក់សាំងដែលខ្លួនមានដ៏ច្រើនលើសតម្រូវការ ឲ្យទៅប្រទេសក្រីក្រតាមដែលអាចធ្វើទៅបាន ដ្បិតថាប្រទេសក្រីក្រងទាំងអស់នោះ កំពុងប្រឈមនឹងបញ្ហាខ្វះខាតវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន៕