អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី ដែលគេបានឲ្យឈ្មោះប្រភេទថា «B.16.17» ត្រូវបានគេរកឃើញដំបូងក្នុងខែតុលា ឆ្នាំ២០២០។ ក្រោយមក មេរោគបំប្លែងថ្មីនេះ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ នៅក្នុងលទ្ធផលសំណាកសរុបជាង ៤.៥០០ ពី៤៤ប្រទេស ដែលស្ថិតក្រោមការតានដានរបស់អង្គការសុខភាពិភពលោក។
បើតាមលទ្ធសំណាកនៅក្នុងរបាយការណ៍ ដែលត្រូវបញ្ជូនមក WHO បានបង្ហាញថា បន្ទាប់ពីប្រទេសឥណ្ឌាដែលជាប្រភពដំបូង, គេបានរកឃើញវីរុសប្រភេទ «B.16.17» នេះច្រើនជាងគេនៅក្នុងប្រទេសបារ៉ែន។
បារ៉ែនជាប្រទេសមួយស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ា ដោយគិតមកទល់ពេលនេះ មានអ្នកឆ្លងកូវីដ-១៩សរុបជិត ២០ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានជាង ៧០០នាក់។
នៅដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោកបានទាញសញ្ញាអាក្រក់ថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីនេះ កំពុងក្លាយជាក្តីបារម្ភរបស់ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូលហើយ។
ក្លាយជាក្តីបារម្ភក៏ដោយសារតែវីរុសទម្រង់ថ្មីនេះ ត្រូវបានអ្នកជំនាញអះអាងថា មានគ្រោះថ្នាក់ជាង និងឆ្លងលឿនជាងមេរោគទម្រង់ដើមរបស់វា ហើយថែមទាំងអាចមានសមត្ថភាពយកឈ្នះលើវ៉ាក់សាំងមួយចំនួនថែមទៀតផង។ ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាលឲ្យវាឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសឥណ្ឌា និងនៅពាសពេញពិភពលោក។
សូមបញ្ជាក់ថា ឥណ្ឌាបានក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនលំដាប់ទី២នៅក្នុងលោក បន្ទាប់ពីសហរដ្ឋអាមេរិក ក្រោយពីប្រទេសដែលមានប្រជាជនជាង ១ពាន់៤រយលាននាក់មួយនេះ បានរកឃើញវិជ្ជមានកូវីដ១៩ប្រចាំថ្ងៃក្នុងរង្វង់ ៣៥ម៉ឺននាក់ និងមានអ្នកស្លាប់រាប់ពាន់នាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង គ្រាន់តែនៅថ្ងៃទី១២ខែឧសភា មានពលរដ្ឋឥណ្ឌាជាង ៤ពាន់នាក់បានស្លាប់ ដែលនេះជាចំនួនដ៏ច្រើនថ្មីមួយសម្រាប់ទិន្នន័យក្នុងខែឧសភានេះ។
គួរជម្រាបជូនដែរថា មិនថាតែប្រទេសនៅក្បែរខាងឥណ្ឌា ឬប្រទេសក្នុងតំបន់អាស៊ីនោះទេ ដែលកំពុងព្រួយបារម្ភពីវីរុសបំប្លែងថ្មីដ៏កាចសាហាវមួយនេះ។ បច្ចុប្បន្នប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនក៏បាននិងកំពុងឈឺក្បាលខ្លាំងណាស់ដែរ ជាក់ស្តែង នៅអាល្លឺម៉ង់មានកាលពីថ្ងៃម្សិលមិញ ត្រឹមពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកឆ្លងថ្មីជាង១ម៉ឺន៥ពាន់ និងស្លាប់ជិត៣០០នាក់។ នេះបើតាមការចុះផ្សាយពីភ្នាក់ងារព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់៕