អ្វីជាមូលហេតុនាំឲ្យអង្គការសុខភាពពិភពលោក WHO លើកឡើងដូចនេះ?
បច្ចុប្បន្ន គិតត្រឹមម៉ោងនេះ កូវីដ១៩បំប្លែងថ្មីឌែលតា បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុង ១២៤ប្រទេសនិងដែនដីរួចស្រេចទៅហើយ។ មេរោគបំប្លែងខ្លួនឌែលតា ដែលត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌានេះ ជាប្រភេទមេរោគដែលមានកម្រិតឆ្លងដ៏លឿនរហ័ស ជាក់ស្តែង បើគេគិតពីថ្ងៃពុធសប្តាហ៍មុន មកដល់ថ្ងៃពុធសប្តាហ៍នេះ គេអាចកត់សម្គាល់បានថា កូវីដ១៩ ឌែលតាបានឆ្លងចូលទៅកាន់១៣ប្រទេសបន្ថែមទៀតក្នុងពេលត្រឹមមួយសប្តាហ៍។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពកូវីដ១៩ប្រចាំសប្តាហ៍របស់ WHO បានគូសបញ្ជាក់ថា មេរោគកូវីដ១៩ឌែល មិនត្រឹមតែជាមេរោគបំប្លែងខ្លួនដែលរកឃើញក្រោយគេនោះទេ ប៉ុន្តែវាបានឈានទៅរាលដាលយ៉ាងឆាប់រហ័ស ហើយបានចរាចរយ៉ាងសកម្មនៅទូទាំងពិភពលោក ដូចមេរោគបំប្លែងខ្លួនប្រភេទផ្សេងទៀតដែរ។
ជាក់ស្តែង ក្នុងចំណោមមេរោគកូវីដបំប្លែងខ្លួនដែល WHO ចាត់ទុកជាមេរោគគួរឲ្យព្រួយបារម្ភ គេសង្កេតឃើញថា មេរោគកូវីដ១៩បំប្លែងខ្លួនអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស បាននិងកំពុងរាលដាលក្នុង១៨០ប្រទេស, កូវីដប៉េតា ដែលរកដំបូងនៅអាហ្វ្រិកខាងត្បួង កំពុងចរាចរក្នុង១៣០ប្រទេស និងចុងក្រោយមេរោគបំប្លែងថ្មី ហ្គាម៉ា ដែលរកឃើញដំបូងនៅប្រេស៊ីល កំពុងមានវត្តមានក្នុង៧៨ប្រទេស។
បើតាមរបាយការណ៍ដដែលរបស់ WHO ភាគច្រើននៃប្រទេសដែលរកឃើញវត្តមានរបស់មេរោគ ឌែលតា សុទ្ធសឹងតែកំពុងត្រូវបានមេរោគនេះរាលដាលខ្លាំងទាំងអស់ ពោលគឺវាមានដល់ទៅជាង ៧៥%នៃករណីវិជ្ជមានសរុប។
អ្វីមូលហេតុដែលនាំឲ្យកូវីដ១៩បន្តកើនឡើងខ្លាំងដូចនេះ?
បើតាមអង្គការសុខភាពពិភពលោក មូលហេតុដែលធ្វើឲ្យករណីឆ្លងកូវីដ១៩បានកើនឡើងមកវិញខ្លាំងដូចនេះ អាចបណ្តាលមកពីកត្តា ៤សំខាន់ៗដូចជា ទី១ ដោយមេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំង និងលឿនរហ័ស។ ទី២ គឺការបន្ធូរបន្ធយវិធានការសុខភាពសាធារណៈ។ ទី៣ ការប្រមូលផ្តុំគ្នារបស់ប្រជាជនលែងគោរពតាមគោលការណ៍សុវត្ថិភាព និងទី៤ ចុងក្រោយគេ គឺប្រជាជនដែលនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅតែមានចំនួនច្រើននៅឡើយ។
សូមជម្រាបថា អស់រយៈពេលជាង១៨ខែមកហើយ ចាប់តាំងពីការផ្ទុះឡើងដំបូងក្នុងប្រទេសចិន ជំងឺកូវីដ១៩នៅបន្តធ្វើចរាចរគួរឲ្យបារម្ភក្នុងពិភពលោកដដែល ទោះបីជា កិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ បាននិងកំពុងប្រព្រឹត្តទៅក្នុងប្រទេសជាច្រើនក្តី។ ប្រការនេះធ្វើឲ្យគេប៉ាន់ប្រមាណថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកអាចនឹងកើនលើស ២០០ លាននាក់ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ៕