លោក Tedros ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា លោកមានការព្រួយបារម្ភចំពោះចំនួនករណីឆ្លងថ្មីកូវីដ១៩ កំពុងបន្តកើនឡើងនេះ ដែលវាអាចនឹងដាក់សម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខភាពសារជាថ្មី។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា រលកឆ្លងថ្មីបានបង្ហាញជាថ្មីម្តងទៀត គឺបង្ហាញឲ្យឃើញថា កូវីដ១៩ គឺមិនទាន់ជិតដល់ទីបញ្ចប់នោះទេ ហើយមេរោគដ៏កាចសាហាវនេះ កំពុងដាក់សម្ពាធកាន់តែខ្លាំង ដូច្នេះ យើងក៏ត្រូវមានវិធានការទប់ស្កាត់បន្ថែមផងដែរ។
មេរោគកូវីដ១៩ កំពុងដំណើរការដោយសេរី ហើយប្រទេសនានា មិនមានសមត្ថភាពគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនោះទេ ទាំងការសម្រាកព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យ និងការកើនឡើងនូវអ្នកជំងឺកូវីដ១៩ ដែលឈឺក្នុងរយៈពេលវែងជាដើម។
លោក Tedros បានទទូចថា នៅពេលដែលការឆ្លងកូវីដ១៩ និង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង រដ្ឋាភិបាលក៏ត្រូវតែដាក់ពង្រាយវិធានការរឹតបន្តឹងឡើងវិញ រួមមាន ការបើកការធ្វើតេស្តលើប្រជាពលរដ្ឋ បន្តវិធានការពាក់ម៉ាស រក្សារគម្លាត និង ត្រៀមឧបករណ៍ជំនួយដល់ការដកដង្ហើម និង សម្ភារៈព្យាបាលឱ្យបានគ្រប់គ្រាន់។
គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកស្តីពីកូវីដ១៩ បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ទី ៨ ខែ កក្កដា ក្នុងសន្និសីទតាមរយៈប្រព័ន្ធអនឡាញមួយ ដោយបានកំណត់ការជូនដំណឹងខ្ពស់បំផុតថា ជំងឺរាតត្បាតកូវីដ១៩នៅតែជាក្តីបារម្ភ និងស្ថិតក្នុងស្ថានភាពអាសន្ន សម្រាប់សុខភាពសាធារណៈនៅទូទាំងសកលលោក។
នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានប្រាប់អង្គប្រជុំថា ករណីឆ្លងកូវីដ ១៩ ទូទាំងពិភពលោកបានរាយការណ៍មកកាន់អង្គការសុខភាពពិភពលោកថា បានកើនឡើង ៣០%ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើនជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង BA.4 និង BA.5 ។ លោក Ryan បាននិយាយថា ការផ្លាស់ប្តូរ និង ការបន្ធូបន្ថយថ្មីនៅក្នុងគោលនយោបាយធ្វើតេស្តរកមេរោគកូវីដ១៩ កំពុងរារាំងដល់ការរកឃើញករណីឆ្លង និងការវិវត្តនៃមេរោគ។
គណៈកម្មាធិការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី ១១ ខែកក្កដា ដោយសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការកាត់បន្ថយការចម្លងនៃមេរោគថា ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតដែលបណ្តាលមកពីមេរោគបំប្លែងថ្មីអូមីក្រុង គឺអាចវាយប្រហារទៅលើផ្លូវដង្ហើមរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ៕