ធនាគារធំៗភាគច្រើន នៅវៀតណាមបានបង្ហាញពីប្រាក់ចំណេញរបស់ពួកគេកើនឡើងដល់ ៥០% និងមានខ្លះទៀតមានតួលេខកំណើនដល់ទៅ៣ខ្ទង់។
នៅត្រីមាសទី១នៃឆ្នាំនេះ ធនាគារ VietinBank មានប្រាក់ចំណេញកើនឡើង ១៣៥% ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំមុនធ្លាប់មានកំណើនអវិជ្ជមាន។ ជាមួយគ្នានេះ ធនាគារ MSB មានកំណើនប្រាក់ចំណេញ ៣១៥% , ធនាគារ SeAbank កើនឡើង ១២៦% , ធនាគារ HDBank កើន ៦៨% និងធនាគារ ACB កើន ៦១%។
ហេតុផលមួយ ដែលធ្វើប្រាក់ចំណេញធនាគារទាំងនេះកើនឡើង ដោយសារតែឥណទានមានការកើនឡើង ដោយនៅត្រីមាសទី១នេះ កំណើនឥណទានក្នុងវិស័ធនាគារមានជិត៣% ខណៈដែលត្រីមាសទី១ឆ្នាំមុនមានតែជាង១%ប៉ុណ្ណោះ។ នេះបើតាមតួលេខពីធនាគាររដ្ឋវៀតណាម SBV។ដោយឡែក ធនាគារដ៏ធំដែលគ្រប់គ្រងដោយរដ្ឋវៀតណាមដែរនោះ គឺ Vietcombank ក៏មានកំណើនឥណទានកើនឡើង ៣,៧% ផងដែរ ដែលជាកំណើនខ្ពស់បំផុតមួយសម្រាប់ធនាគារនេះ។ រីឯ ធនាគាររដ្ឋពីរទៀត គឺ BIDV មានកំណើនឥណទានជិត២,៧% និង VietinBank មានកំណើនជិត២,៦%។
ក្រៅតែពីកត្តាឥណទានកើនឡើងហើយនោះ ការធ្វើសំវិធានធនតិចជាងមុនសម្រាប់បំណុលអាក្រក់ ពីសំណាក់ធនាគារទាំងនោះ វាក៏ជាផ្នែកមួយជួយជំរុញឲ្យធនាគារនេះមានកំណើនប្រាក់ចំណេញនៅត្រីមាសទី១នៃឆ្នាំនេះផងដែរ។ សំវិធានធន គឺសំដៅដល់ការធ្វើចំណាត់ថ្នាក់ឥណទានទៅប្រភេទឥណទានដែលមានហានិភ័យខ្ពស់ ឬងាយនឹងបាត់បង់។
លោក ង្វៀន ង៉ុង ថាញ់ អ្នកវិភាគធនាគារនៅក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ RongViet Securities បាននិយាយថា ធនាគារ VietinBank និង BIDB ជាឧទាហរណ៍ មិនបានបន្ដធ្វើសំវិធានធននោះទេនៅត្រីមាសទី១ឆ្នាំនេះ។
ធនាគារភាគច្រើនសង្ឃឹមថា កំណើនប្រាក់ចំណេញរបស់ពួកគេនៅឆ្នាំនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញដូចនៅមុនពេលមានមេរោគរាតត្បាតវិញ។ យ៉ាងណាមិញ ធនាគារ Vietcombank សង្ឃឹមប្រាក់ចំណេញឆ្នាំនេះនឹងកើនឡើង ៩% ទៅ ១០% ធនគារ TechcomBank និង HDBank រំពឹងកើនឡើង ២៥% និង ធនាគារ Sacombank រំពឹងកើនឡើង ២០%។ ដោយឡែក ធនាគារ BIDV បានដាក់គោលដៅ នឹងធ្វើឲ្យកំណើនមានដល់ ៤៤% ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕