ជុំវិញបញ្ហានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ការនាំចេញកសិផល ទៅកាន់ទីផ្សារប៉ែកអឺរ៉ុប បច្ចុប្បន្ននេះ ពិតជាបានជួបបញ្ហាពិតមែន ដូចជា ខ្វះទូរកុងតឺន័រ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ជាដើម ខណៈការនាំចេញទៅប្រទេសចិនវិញ គឺទាមទារឆ្លងកាត់របាំងត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ បើទោះបីប្រទេសកម្ពុជានិងចិនមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាក៏ដោយ។ ដូច្នេះ បច្ចុប្បន្ន កម្ពុជា បានចាត់ទុកប្រទេសក្បែរខាងជាទិសដៅសំខាន់ ក្នុងការនាំចេញកសិផលរបស់ខ្លួន ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ ជាដើម ពិសេសនៅអំឡុងពេលកូវីដ១៩នេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅប្រទេសវៀតណាមកើនឡើងយ៉ាងគំហុកតែម្ដង។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានលើកឡើងថា ប្រទេសវៀតណាម និងប្រទេសថៃ ជាទីផ្សារធំរបស់កម្ពុជា នាពេលបច្ចុប្បន្ន ក្នុងការនាំចេញផលិតផលកសិកម្ម។
ជាក់ស្ដែង នៅក្នុងការនាំចេញផលិតផលកសិកម្មជិត៦លានតោននៅ៩ខែឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាម មានប្រមាណ ជាង៦៤%ទៅហើយនៃការនាំចេញសរុប ខណការនាំចេញទៅថៃមានជាង ២១% និងនាំទៅចិនមានជិត៧% និងគោលដៅប្រទេសដទៃទៀតជិត៥%។
ការងាកមកផ្ដោតលើទីផ្សារប្រទេសក្បែរខាង ជំនួសឱ្យការនាំចេញដោយត្រង់ទៅទីផ្សារប៉ែកអឺរ៉ុប និងប្រទេសមួយចំនួនផ្សេងទៀត ត្រូវបានរដ្ឋមន្ត្រីកសិកម្មពន្យល់ថា វិបត្តិកូវីដ១៩ បានធ្វើឱ្យការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ កាន់តែពិបាក ដូចជា ថ្លៃដឹកញ្ជូនខ្ពស់ និងកង្វះទូរកុងតឺន័រ សម្រាប់ការដឹកជញ្ជូនផ្លូវឆ្ងាយ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម គូសបញ្ជាក់ទៀតថា ការនាំចេញកសិផលមួយចំនួនទៅកាន់ប្រទេសចិន ឯណោះវិញ គឺត្រូវឆ្លងកាត់របាំងអនាម័យ និងភូតគាមអនាម័យ ទើបត្រូវការពេលេវលាបន្ថែម ពិសេសផ្ដោតសំខាន់លើផ្លែមៀនប៉ៃលិន ដែលរហូតពេលនេះ នៅតែមិនទាន់អាចនាំចេញទៅចិនបាននៅឡើយ។
ឯកឧត្តម វេង សាខុន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នឹងអនុញ្ញាតឱ្យកម្ពុជា អាចនាំផលិតផលកសិកម្មរបស់ខ្លួន ជាច្រើនមុខចូលទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធគយក៏ពិតមែន ប៉ុន្តែទំនិញទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។ តើអ្វីជារបាំងអនាម័យ និងភូតគាមអនាម័យ?
អនាម័យនិងភូតគាមអនាម័យ គឺជាបណ្តាវិធានការនានា របស់រដ្ឋាភិបាលនីមួយៗ បានដាក់ចេញ ក្នុងគោលបំណង ដើម្បីការពារសុខភាពមនុស្ស។ ប្រទេសនីមួយៗ មានសិទ្ធិអធិបតេយ្យក្នុងការកំណត់ស្តង់ដារអនាម័យនិងភូតគាមអនាម័យរបស់ខ្លួន ដោយត្រូវផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីការពារសុខភាព ឬជីវិតមនុស្ស ក្នុងប្រទេសរបស់ខ្លួន។
ដើម្បីទាញយកនូវផលប្រយោជន៍ ឱ្យបានជាអតិបរិមា ពីកាលានុវត្តភាពនេះ ឯកឧត្តម វេង សាខុន អំពាវនាវឲ្យប្រជាកសិករ ផ្នែកឯកជន ជាអ្នកកែច្នៃ វេចខ្ចប់នាំចេញ និងផ្នែកពាក់ព័ន្ធដទៃ ក្នុងខ្សែសង្វាក់តម្លៃកសិកម្ម ត្រូវខិតខំផលិតនិងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីផលិតនិងកែច្នៃ វេចខ្ចប់ នាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារគុណភាព សុវត្ថិភាព អនាម័យនិងភូតគាមអនាម័យនៃប្រទេសចិន ដែលជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ទំនិញកសិកម្មកម្ពុជា។
ម្យ៉ាងទៀត កម្ពុជា ក៏ត្រូវតែពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន នៅលើទីផ្សារប្រទេសចិន តាមរយៈការពង្រឹងស្តង់ដារគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យនិងភូតគាមអនាម័យ ដើម្បីអាចទាញបាននូវផលប្រយោជន៍ ជាអតិបរិមាពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងអាចធានាឧត្តមភាពប្រកួតប្រជែងនេះ ក្នុងរយៈពេលវែងទាំងទីផ្សារប្រទេសចិន និងពង្រីកទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងៗទៀត។
យោងតាមរបាយការណ៍ក្រសួងកសិកម្មកម្ពុជា បានបង្ហាញថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជាង ៣ពាន់លានដុល្លារ ជាមួយនឹងបរិមាណនាំចេញសរុបជិត៦លានតោន ដែលមានការកើនឡើងជាង៨៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕