លោក Gabriel Lim លេខាធិការអចិន្ត្រៃយ៍សម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី ហៅកាត់ថា MTI បាននិយាយថា ទស្សនវិស័យចំពោះតម្រូវការពីក្រៅប្រទេសរបស់សិង្ហបុរីសម្រាប់ឆ្នាំ២០២៣ មានភាពល្អប្រសើរឡើងបន្តិចហើយ ជាពិសេសកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើង ស្របជាមួយនឹងការបន្ធូរបន្ថយគោលការសូន្យកូវីដរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ប៉ុន្តែលោកក៏បាននិយាយផងដែរថា ភាពមិនច្បាស់លាស់ក្នុងសេដ្ឋកិច្ចពិភពលោក គឺនៅតែមាន។ លោកនិយាយបែបនេះក៏ដោយសារតែ ផលប៉ះពាល់នៃលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងនៅបណ្ដា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ក៏ដូចជាហានិភ័យនៃសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាចពិភពលោកធំៗផងដែរ។
យោងតាមប្រភពដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មានកំណើនក្នុងរង្វង់២,១%. ខណៈការប៉ាន់ស្មានពីមុនថានឹងមាន ២,២%។ កំណើនតិចនេះ ក៏ដោយសារតែវិស័យសំណង់ និងសេវាកម្មមានទំនោរថមថយ។
សូមជម្រាបថា ចាប់តាំងពីខែមេសាឆ្នាំ២០២២មក ប្រទេសសិង្ហបុរីបានបន្ធូរបន្ថយការរឹតបន្តឹងនៃវិធានការកូវីដ១៩របស់ខ្លួន ខណៈដែលព្រឹត្តិការណ៍អន្តរជាតិជាច្រើន បានចាប់ផ្ដើមដំណើរការឡើងវិញ និងបានទាក់ទាញភ្ញៀវទេសចរណ៍ និងអាជីវកម្មជាច្រើន ចូលមកកាន់ប្រទេសដីកោះមួយនេះ។
ចំពោះវិស័យទេសចរណ៍ និងសេវាកម្មរបស់សិង្ហបុរី ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។ ប៉ុន្តែសម្រាប់វិស័យផលិតកម្ម ដែលស្មើនឹង ២0% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយនេះ កំពុងប្រឈមនឹងឧបសគ្គ ខណៈសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបក៏កំពុងមានកំណើនថមថយផងនោះ។ ទោះបីជាទទួលបានផលវិជ្ជមានពីការបើកប្រទេសឡើងវិញរបស់ចិនក្ដី កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីសម្រាប់វិស័យពាណិជ្ជកម្មអន្តរជាតិ នៅតែមានភាពស្រពិចស្រពិលដោយសារតែការធ្លាក់ចុះការដឹកជញ្ជូននៅទូទាំងពិភពលោក៕