ពាណិជ្ជកម្មសេរី

ហេតុអ្វីអ្នកជំនាញជំរុញឱ្យអាស៊ី ត្រូវជំរុញពាណិជ្ជកម្មសេរី ក្រោយការបោះឆ្នោតអាម៉េរិករួច?


អ្នកជំនាញកិច្ចការអន្តរជាតិ បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុងតូក្យូ នៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុនថា អាស៊ីត្រូវតែរក្សាសម្ទុះពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលបើកចំហ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំនេះ ខណៈមានការព្រួយកាន់តែកើនឡើងចំពោះការកើតមានរបបគាំពារនិយមរបស់អាម៉េរិក អាស្រ័យទៅលើលទ្ធផលនៃការបោះឆ្នោតនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ពាណិជ្ជកម្មសេរី
ដោយ

លោក ម៉ានូ បាស្ការ៉ាន (Manu Bhaskaran) នាយកស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Centennial Asia Advisors មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា លោកគិតថា វាសំខាន់ណាស់ក្នុងការរក្សាសម្ទុះសេដ្ឋកិច្ចបើកចំហ និងពាណិជ្ជកម្មសេរីគ្រប់ទី​កន្លែង​តាមលទ្ធភាពដែលអាចធ្វើបានសម្រាប់អាស៊ីបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េ​រិក​នៅចុងឆ្នាំនេះ។ អាស៊ី ក៏ត្រូវតែពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈការធ្វើពិពិធកម្មនៃខ្សែច្រវាក់ទាំងនេះផងដែរ។ លោក បាស្ការ៉ាន បានបន្ថែមថា លោកជឿថា ប្រទេសសិង្ហបុរី និងជប៉ុនអាចធ្វើការរួមគ្នាដើម្បីកសាងស្ថាបត្យកម្មក្នុងតំបន់ថ្មីមួយដោយប្រកាន់ភ្ជាប់នូវគោលដៅទាំងនេះ។

អតីតប្រធានាធិបតីអាម៉េ​រិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រជែងនឹងលោក ចូ បៃដិន ក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ បាននិយាយជាសាធារណៈថា បើលោកជាប់ឆ្នោត លោកនឹងដាក់ពន្ធបន្ថែមលើទំនិញមកពីប្រទេសចិន ដែលអាចមានអត្រា៦០% ឬខ្ពស់ជាងនេះ។ ការអះអាងនេះមិនត្រឹមតែធ្វើឱ្យចិនព្រួយបារម្ភប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការព្រួយបារម្ភដល់បណ្តាប្រទេសអាស៊ី ដែលជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរបស់ខ្លួនផងដែរ។​

លោក បាស្ការ៉ាន បាននិយាយថា បញ្ហាគឺថា ប្រទេសជាច្រើននៅក្នុងតំបន់នេះ មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសចិន។ ដូច្នេះហើយអ្វីៗដែលរំខានដល់ការនាំចេញរបស់ចិន នឹងរំខានយ៉ាងខ្លាំងដល់វិស័យផលិតកម្មរបស់អាស៊ី។

ក្រុមអ្នកជំនាញបានឯកភាពគ្នាថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងប្រកបដោយវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលមានប្រទេសចំនួន១១ រួមទាំងជប៉ុន និងសិង្ហបុរី ជាសមាជិកនោះនឹងដើរតួនាទីកាន់តែធំក្នុងការរក្សាសម្ទុះសម្រាប់សេដ្ឋកិច្ចបើកចំហ។

ប្រទេសជប៉ុន បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ចូ​លក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP នេះវិញ បន្ទាប់ពីលោក ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នៅឆ្នាំ២០១៧ ខណៈដែលសមាជិកនៅសល់១១ប្រទេសនេះ បានបញ្ចប់កិច្ចព្រមព្រៀងនេះ នៅឆ្នាំបន្ទាប់ទៀត។ លោក បៃដិន មិនបានច្រានចោលការសម្រេចចិត្តរបស់លោក ត្រាំ នេះទេ ប៉ុន្តែផ្ទុយទៅវិញរដ្ឋបាលរបស់លោក បៃដិន បានបើកដំណើរការក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ផ្តោតលើផ្នែកយុទ្ធសាស្ត្ររួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយនឹងដៃគូអាស៊ីផងដែរ៕​

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ច ដែលបង្ហាញពីកើនឡើងលើសការរំពឹងទុកនៅដើមឆ្នាំនេះ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានបញ្ចេញទិន្នន័យសេដ្ឋកិច្ចសម្រាប់រយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ ដែលបង្ហាញពីលលទ្ធផលល្អប្រសើរ…

ថៃអាចនឹងហាមឃាត់ការនាំចូលផ្លែពោតពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឆ្នាំក្រោយ

រដ្ឋាភិបាលថៃ អាចនឹងហាមឃាត់ការនាំចូលពោតពីប្រទេសជិតខាងចំនួន៣ រួមទាំងកម្ពុជា ដើម្បីដោះស្រាយការបំពុលបរិយាកាសនៅភាគខាងជើងប្រទេស បន្ទាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ