គេហទំព័រជាភាសាថៃ bangkokbanksme.com បានលើកឡើងនូវចំណុចយុទ្ធសាស្ត្រ៧យ៉ាង ដែលកម្ពុជាមាននិងដែលអំណោយផលសម្រាប់អ្នករកស៊ីមកពីក្រៅប្រទេស។ ចំណុចអំណោយផលទាំង ៧ រួមមានដូចតទៅ៖
១. កន្លែងផ្ដល់សេវាដល់អ្នកវិនិយោគ (ច្រកចេញចូលតែមួយ)
ត្រង់ចំណុចនេះ គេចង់លើកឡើងសំដៅទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលទទួលខុសត្រូវខាងទំនាក់ទំនងវិនិយោគពីក្រៅប្រទេស។ ថៃក៏បានណែនាំឲ្យអ្នករកស៊ីចូលមករកស៊ីនៅស្រុកខ្មែរ តាមរយៈសភាពាណិជ្ជកម្ម ឬចូលតាមរយៈស្ថាប័នជាតិរបស់គេដើម្បីបញ្ចៀសហានិភ័យដែលកើតឡើងជាយថាហេតុ។
២. សិទ្ធិពិសេសរបស់អាស៊ាន និងប្រទេសដៃគូ
នេះជាកត្តាចម្បងមួយដែលកម្ពុជាបើកចំហ។ ភាគីកម្ពុជាជាប្រទេសក្នុងតំបន់អាស៊ាន មានគោលនយោបាយលើកលែងពន្ធគយ ដែលជាប្រការមួយចំណេញគួរសមសម្រាប់សហគ្រិន។ ម្យ៉ាងទៀត ពាណិជ្ជករថៃ ក៏អាចជួលបុគ្គលិកថៃ ឬអ្នកជំនាញបរទេសដទៃទៀតក្នុងអាស៊ានឲ្យធ្វើការនៅកម្ពុជាដែរ បើសិនជារកអ្នកជំនាញក្នុងស្រុកខ្មែរមិនបាន ដោយផ្អែកលើច្បាប់លំហូរពលកម្មសេរីក្នុងតំបន់អាស៊ាន។
៣. ស្ថិរភាពផ្នែកនយោបាយ
ពិតមែនតែកម្ពុជាមានទំនាស់គ្នាញឹកញាប់រវាងបក្សកាន់អំណាចនិងបក្សប្រឆាំងក្តី ប៉ុន្តែ ភាគីថៃនៅតែចាត់ទុកថា កម្ពុជាមានស្ថិរភាពនិងជាកន្លែងដែលស័ក្តិសមសម្រាប់សហគ្រិនថៃ។ គេហទំព័រខាងលើដដែលបញ្ជាក់ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពនយោបាយនិងស្ថានភាពសង្គមគួរឲ្យទុកចិត្តបានទៀតផង។
៤. GDP កម្ពុជាមានការកើនឡើងជាមធ្យម ៧ភាគរយជារៀងរាល់ឆ្នាំ
ការកើនឡើងនៃប្រាក់ចំណូលនេះជាចំណុចដែលបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពទិញខ្លាំងជាងមុន មានលុយចាយច្រើនជាងមុន ហើយពាណិជ្ជករថៃក៏អាចយកឱកាសនេះកើបលុយពីស្រុកខ្មែរបានដែរ។
គេហទំព័រនេះបានលើកយករបាយការណ៍សិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចល្អយ៉ាងហោចណាស់ ៣ឆ្នាំទៅមុខទៀត។
៥. វប្បធម៌និងសាសនាស្រដៀងនឹងស្រុកថៃ
ត្រង់នេះសឹងតែមិនបាច់និយាយ ព្រោះអ្នកស្រុកខ្មែរនិងអ្នកស្រុកថៃស្រដៀងគ្នា តាំងពីឥរិយាបទ សម្លៀកបំពាក់ និងជាអ្នកកាន់សាសនាព្រះពុទ្ធដូចគ្នាទៀត។ ប្រពៃណីទាំងអស់នេះហើយ ដែលនាំឲ្យខ្មែរចូលចិត្តប្រើទំនិញថៃ ចូលចិត្តមើលសិល្បៈថៃនិងស្វាគមន៍ជនជាតិថៃ។
៦. ច្បាប់ទម្លាប់ដែលអំណោយផលដល់ការវិនិយោគ
កម្ពុជាមានច្បាប់ប្រឆាំងអំពើពុករលួយ មានសភាពាណិជ្ជកម្មជួយសម្រួលដល់ការរកស៊ី ហើយក៏អំណោយផលដល់អ្នកមានលទ្ធភាពរកស៊ីដែរ។ ថៃបានបញ្ជាក់ប្រាប់អ្នករកស៊ីគេថា ព្រោះតែច្បាប់ប្រឆាំងអំពើពុករលួយនេះហើយ ទើបធ្វើឲ្យមន្ត្រីមិនសូវហ៊ានជម្រិតទារប្រាក់ក្រៅផ្លូវការពីវិនិយោគិនក្រៅប្រទេស។
ម្យ៉ាងទៀត កម្ពុជាក៏មានច្បាប់អនុគ្រោះដល់វិនិយោគ ឧទាហរណ៍៖ អាជីវកម្មទើបបើកឆ្នាំដំបូងមិនត្រូវបង់ពន្ធ។ល។
៧. ប្រព័ន្ធអនុគ្រោះពន្ធ (Generalized System of Preferences) រវាងកម្ពុជានិងអឺរ៉ុប និងកម្ពុជា-អាមេរិក
ប្រការទាំងនេះហើយ ដែលធ្វើឲ្យអ្នករកស៊ីចិន កាក់កបនឹងមុខជំនួញរោងចក្រនៅកម្ពុជា។ ថៃក៏បានប្រាប់ពាណិជ្ជកររបស់គេឲ្យពិចារណាផលិតទំនិញនៅស្រុកខ្មែរ ហើយនាំទៅអឺរ៉ុបនិងអាមេរិក ដោយរួចពន្ធដែរ។ គេហទំព័រខាងលើដដែល បញ្ជាក់បន្ថែមថា កម្ពុជាអាចនាំទំនិញគ្រប់ប្រភេទទៅកាន់អឺរ៉ុប ដោយមិនបង់ពន្ធ លើកលែងតែអាវុធ៕