លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រសួងយុត្តិធម៌អស់រយៈពេលយូរឆ្នាំហើយ ដើម្បីបង្កើតតុលាការពាណិជ្ជកម្មឡើង ដោយគ្រោងបង្កើតឡើងនៅឆ្នាំ២០២២នេះតែម្ដង។ ប៉ុន្ដែដោយសារតែជួបនូវបញ្ហាប្រឈមមួយចំនួន រួមមានការកង្វះធនធានមនុស្ស, នីតិវិធី លិខិតបទដ្ឋានគតិយុត្ត, ថវិកា និងទីតាំងសមរម្យផងនោះ បានធ្វើឱ្យមានការពន្យាពេល។ លោកឧកញ៉ា លឹម ហេង អះអាងថា ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា កំពុងតែមមាញឹកក្នុងការរៀបដំណើរការ និងនីតិវិធីផ្សេងៗ ដើម្បីឈានដល់ការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជា ឱ្យចេញជារូបរាងឡើងនៅឆ្នាំ ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មកម្ពុជាបង្កើតឡើង វានឹងបង្កើននូវទំនុកចិត្តពីវិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនក្រៅប្រទេស ដែលមកវិនិយោគនៅកម្ពុជា ដោយមិនមានភាពភ័យខ្លាច ឬហានិភ័យណាមួយ នៅពេលដាក់ទុនវិនិយោគ។ ពោលគឺ មិនភ័យខ្លាច នៅពេលមានជនខិលខូចណាមួយ បោកប្រាស ឬធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគណាមួយនោះឡើយ។
តុលាការពាណិជ្ជកម្ម នឹងការពារ ដោះស្រាយនូវវិវាទពាណិជ្ជកម្មទាំងនេះដល់វិនិយោគិន ហើយវាក៏ជាឈ្នាន់មួយសម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។
បើតាម ឧកញ៉ា លឹម ហេង ការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជា គោលបំណសំខាន់គឺបង្កើតឡើងនូវតុលាការពិសេសមួយ សម្រាប់កាត់ក្តីដោយឆាប់រហ័ស តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។ ហើយតាមរយៈកិច្ចការនេះដែរ បានធ្វើឱ្យអ្នកវិនិយោគ ឬអ្នករកស៊ី ដែលមានវិវាទ ឬទំនាស់ផលប្រយោជន៍ពីការជួញដូរផ្នែកធ្វើពាណិជ្ជកម្ម អាចដោះស្រាយនៅក្នុងស្រុកកាន់តែងាយស្រួលផងដែរ៕