សម្រាប់ប្រទេសកម្ពុជាវិញ បើតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិបានឲ្យដឹងថា កម្ពុជា មិនមានស្ថានទូតនៅអ៊ុយក្រែននោះទេ ហើយក្រសួងក៏មិនទាន់មានតួលេខបញ្ជាក់ពីចំនួនប្រជាជនខ្មែរដែលមានរស់នៅទីនោះដែរ។ ប៉ុន្ដែ ក្រសួងការបទេសកម្ពុជាកំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ីមកវិញសិន ថាតើកម្ពុជាមាននិស្សិតនៅអ៊ុយក្រែនដែ ឬក៏អត់។
គិតមកត្រឹមល្ងាចថ្ងៃសុក្រនេះ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែក្ដៅគគុក ដោយកងទ័ពរុស្ស៊ីបានវាយប្រហារចូលទៅកាន់រដ្ឋធានីកៀវ ដែលជាបេះដូងរបស់អ៊ុយក្រែន ។ ការរុលចូលទៅកាន់តែជ្រៅនៃកងទ័ពរុស្ស៊ីទៅកាន់អ៊ុយក្រែន កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះពិភពលោកទាំងមូល។ ក្នុងស្ថានការណ៍នេះ កម្ពុជាកំពុងបារម្ភថា អាចនឹងមានប្រជាជន និងនិស្សិតខ្មែរដែលស្នាក់នៅប្រទេសអ៊ុយក្រែននេះដែរ។
បើតាមឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ខេមបូណូមីសតាមតេឡេក្រាមថា ប្រទេសកម្ពុជាមិនមានស្ថានទូតនៅអ៊ុយក្រែននោះទេ ហើយក៏មិនទាន់មានព័ត៌មានពីចំនួនប្រជាជនខ្មែរដែលរស់នោះទីនោះដែរ។ ឯកឧត្តម បន្ថែមថា ក្រសួងការបរទេស កំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី ថាតើមាននិស្សិតខ្មែរយើងនៅអ៊ុយក្រែនដែរ ឬក៏អត់។
ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ ពោលគឺនៅថ្ងៃដំបូងនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន បានប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកយន្ដហោះពិសេស ទៅទទួលជនជាតិថៃមកកាន់មាតុប្រទេសវិញ ខណៈពលរដ្ឋថៃប្រហែល ២៥០នាក់កំពុងរស់នៅទីនោះ។ ទោះយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែនបានប្រកាសបិទ ដែនអាកាសរបស់ខ្លួន ហាមឃាត់ការហោះហើរស៊ីវិលទាំងអស់។ ក្នុងករណីបែបនេះក្ដី ប៉ុន្ដែថៃ បានត្រៀមនឹងជម្លៀសប្រជាជនរបស់ពួកគេចេញពីអ៊ុយក្រែន ឆ្ពោះមកកាន់ប្រទេសប៉ូឡូញដែលមានព្រំដែនជាប់នោះ មុននឹងឡើងយន្ដហោះពិសេសមកកាន់ប្រទេសថៃ។
ដោយឡែក ប្រទេសចិនវិញ មិនបានលើកឡើងពីផែនការជម្លៀសប្រជាជនខ្លួនចេញពីអ៊ុយក្រែននោះទេ ប៉ុន្ដែចិន បានអំពាវនាវឲ្យជនជាតិចិននៅអ៊ុយក្រែនត្រូវស្នាក់នៅក្នុងផ្ទះបើមិនមានការចាំបាច់ ហើយត្រូវដាក់ទង់ជាតិចិនលើយានយន្ដរបស់ពួកគេពេលចេញទៅក្រៅ។
សូមបញ្ជាក់ថា ប្រទេសអឺរ៉ុប ដែលនៅក្បែរខាងអ៊ុយក្រែន បានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលយកលំហូរជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដែលមានប្រជាជនសរុប៤៤លាននាក់ ដែលជាចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់អឺរ៉ុប។ យ៉ាងហោចណាស់ គិតមកទល់ល្ងាចថ្ងៃសុក្រនេះ មានប្រជាជនអ៊ុយក្រែន ប្រហែល១០ម៉ឺននាក់ បានចាកចេញពីផ្ទះរបស់ពួកគេទៅកាន់តំបន់សុវត្ថិភាព ខណៈសង្គ្រាមនៅតែបន្ដ៕