តើលទ្ធផលនៃការបោះឆ្នោតនៅកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះនឹងកើតមានយ៉ាងណា ខណៈដែលពេលនេះ បេក្ខជន ប្រធានាធិបតី៣រូប គឺមានគោលនយោបាយផ្សេងៗគ្នា ដោយម្នាក់មានជំហរប្រឆាំងចិន ម្នាក់លម្អៀងមករកចិន និងម្នាក់ទៀតប្រកាន់ជំហរកណ្ដាល។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសដូចជា Channel New Asia ជាដើម លទ្ធភាពនៃការផ្ទុះសង្រ្គាមចិន-តៃវ៉ាន់ គឺមានភាគរយទាបណាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏វិធានការដែលចិន នឹងដាក់លើតៃវ៉ាន់ អាចជាការដាក់សម្ពាធសេដ្ឋកិច្ច ដោយនៅក្នុងនោះវិធានការពន្ធអាចជាជម្រើសមួយ ហើយចំណុចនេះហើយដែលជាកត្តាស្នូលនៃឥទ្ធិពលទៅលើការបោះឆ្នោតនៅកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១២ ខែមករា ឆ្នាំ២០២៤។
អ្នកវិភាគនិយាយថា អ្វីដែលចិន នឹងធ្វើ ហើយចាត់វិធានការលើកោះតៃវ៉ាន់ នៅពេលលទ្ធផលបោះឆ្នោតចេញមកនោះ គឺអាចទាក់ទងបញ្ហាពាណិជ្ជកម្មឆ្លងច្រកសមុទ្រតៃវ៉ាន់នេះឯង ដូចនេះហើយអ្នកបោះឆ្នោតនៅកោះនេះអាចនឹងមានការរិះគិតក៏ដូចជារារែកនៅក្នុងការសម្រេចចិត្តមុនពេលទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។
នៅពេលនេះគេដឹងថា ប្រទេសចិន កំពុងពិចារណាដំឡើងពន្ធលើការនាំចូលទំនិញពីកោះតៃវ៉ាន់ បន្ថែមទៀត ជាការរំពឹងទុកផ្អែកលើទិដ្ឋភាពនយោបាយ ខណៈការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតមកដល់ ហើយអ្នកវិភាគព្រមានថា អាចបង្កការខូចខាតដល់សេដ្ឋកិច្ចតៃវ៉ាន់ ក្នុងរយៈពេលវែង។
នៅពេលនេះគេក៏មិនប្រាកដដែរថាប្រទេសចិន នឹងចាត់វិធានការអ្វី ហើយគេជឿថា វិធានការរបស់ចិន អាចនឹងខុសគ្នាប្លែកគ្នាដោយផ្អែកលើបេក្ខជនណាដែលតៃវ៉ាន់ ជ្រើសរើសជាប្រធានាធិបតី។ បេក្ខជនប្រកួតប្រជែងទាំង៣ រូបមានលោក ឡៃ ឈីងទ័រ (Lai Ching-te) មកពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច ដែលមាននិន្នាការប្រឆាំងចិន លោក ហូ យូអ៊ី ( Hou Yu-ih) មកពីគណបក្សគួមីនថាង (Kuomintang) ដែលលម្អៀងទៅរកចិន និងលោក កូ វិនជេ (Ko Wen-je) មកពីគណបក្សប្រជាជនតៃវ៉ាន់ ដែលជាបេក្ខជនប្រកាន់ជំហរកណ្តាល។
កាលពីថ្ងៃអង្គារ ទី៩ ខែមករា ក្រសួងពាណិជ្ជកម្មចិន បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងសិក្សាលើការផ្អាកសម្បទានពន្ធលើទំនិញតៃវ៉ាន់ បន្ថែមទៀត។
ការបង្ហើបនេះគឺក្រោយពេលដែលទីក្រុងប៉េកាំង បានបញ្ចប់ការស៊ើបអង្កេតរយៈពេល៨ខែពាក់ព័ន្ធការហាមឃាត់របស់តៃវ៉ាន់ លើការនាំចូលទំនិញជាង២ពាន់៥រយប្រភេទពីប្រទេសចិន ដោយចោទប្រកាន់ចិន ថាបានបំពានកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយខ្លួន ហើយជាចំណាត់ការវាយបក ចិន បានផ្អាកការបញ្ចុះពន្ធលើផលិតផលគីមី ១២មុខពីកោះតៃវ៉ាន់។ ឥឡូវនេះចិន កំពុងរិះរក ហើយក៏ត្រៀមចាត់វិធានការស្រដៀងគ្នានេះដែរលើវិស័យកសិកម្ម នេសាទ គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងការនាំចូលវាយនភណ្ឌបន្ថែមទៀតលើកោះតៃវ៉ាន់។
យោងតាមការផ្សាយរបស់សារព័ត៌មាន Nikkei បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ពាណិជ្ជកម្មសរុបរបស់កោះតៃវ៉ាន់ មានទំហំរហូតដល់ទៅជាង៤៣២ពាន់លានដុល្លារ ហើយការនាំចេញទៅចិនដីគោក គឺមានទំហំដល់ទៅប្រមាណជាង៣៥% នៃការនាំចេញសរុប៕
ដោយៈ សរ សុជាតិ