លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហា

តើលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាហ៊ានធ្វើមាតុភូមិនិវន្តន៍ចូលមាតុភូមិវិញនៅថ្ងៃទី១០ ខែ សីហា មែនឫទេ?


លោកស្រី ប៉ៃថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រាបានអះអាងយ៉ាងច្បាស់លាស់ថា ឪពុកលោកស្រីនឹងវិលត្រឡប់មកមាតុប្រទេសវិញនៅក្នុងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៣ ។ ប៉ុន្តែសាធារណជនថៃនៅតែមិនច្បាស់ ថា លោកពិតជាហ៊ានវិលត្រឡប់មកវិញឫយ៉ាងណានោះនៅឡើយទេ ដោយសារតែនេះមិនមែនជាការប្រកាសលើកទី១របស់លោក ថាក់ស៊ីន ឡើយ ដែលបានប្រកាសពីដំណើរមាតុភូមិនិវត្តន៍នេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហា

តាមសារព័ត៌មានថៃល្បីៗបានដកស្រង់សំដី លោកស្រី ប៉ៃថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានប្រកាសជាចំហរថា ឪពុករបស់លោកស្រី នឹងវិលត្រលប់មកប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហាខាងមុខ ។

តាមសម្រង់អត្ថន័យដែល អ្នកនយោបាយវ័យក្មេងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម បានបញ្ជាក់ថា លោក ថាក់ស៊ីន នឹងវិលចូលមកប្រទេសតាមច្រកអាកាសយានដ្ឋានអន្តរជាតិដនមឿង។

លោកស្រីបានសរសេររៀបរាប់ថា ថ្ងៃទី ២៦ ខែ កក្កដា គឺជាថ្ងៃកំណើតគ្រប់១៧ឆ្នាំ ដែលលោក ថាក់ស៊ីន បានរៀបចំពិធីខូបកំណើតនៅក្រៅប្រទេស ហើយនេះក៏ជាលើកទី៣ ដែរ ដែលលោកស្រីបានខកខានមិនបានចូលរួមថ្ងៃពិសេសនេះ ដោយសារតែលោកស្រីកំពុងតែរៀបចំត្រៀមខ្លួនសម្រាប់ដំណើរវិលត្រឡប់មកវិញរបស់ លោក ថាក់ស៊ីន ។

លោកស្រីបានបញ្ជាក់ថា នៅក្នុងនាមជាពលរដ្ឋថៃ លោក ថាក់ស៊ីន ជាឪពុកនិងជាអតីតនាយករដ្ឋមន្រ្តីថៃ បានកសាងនូវស្នាដៃជាច្រើន ប៉ុន្តែលោក ថាក់ស៊ីន ត្រូវរត់គេចទៅក្រៅប្រទេស ដោយសារលោកត្រូវបានគេកាត់ទោសនយោបាយ។

តើលោក ថាក់ស៊ីន ពិតជាហ៊ានវិលប្រឡប់មកកាន់មាតុប្រទេសនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះមែនឫអត់ ?

លោក ថាក់ស៊ីន ត្រូវបានគេដឹងថា បានរស់នៅបរទេសដោយនិរទេសខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាដែលដឹកនាំដោយឧត្តមសេនីយ ស៊ុនទិ ប៊ុនយ៉ារ៉ាតឃ្លីន (Sonthi Boonyaratglin) កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០០៦ ហើយលោកបាន ប្រឈមមុខនឹងការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារជាច្រើនដងផងដែរ ជុំវិញការចោទប្រកាន់ពីបទពុករលួយ ការគេចពន្ធ និងការរំលោភអំណាច។

ចាប់តាំងពី ឆ្នាំ២០០៨ លោកបានផ្លាស់ប្តូរទីកន្លែងរស់នៅជាបន្តបន្ទាប់ ប៉ុន្តែ គេដឹងថា លោកច្រើនតាំងទីលំនៅនៅទីក្រុង ឌូបៃ ។

ចាប់តំាងពីរដ្ឋប្រហារដោយយោធា មក លោក ថាក់ស៊ីន តាមរយៈអ្នកនយោបាយនៅក្នុងត្រកូល ថាក់ស៊ីនរបស់លោក និង អ្នកដែលជិតស្និទ នឹងលោក គឺសុទ្ធតែបរាជ័យនៅក្នុង ផែនការនាំលោកចូលស្រុកវិញ ។

បើយើងមើលទៅលើបទពិសោធន៍កន្លងមក ការប៉ុនប៉ងបើកផ្លូវឲ្យលោក ថាក់ស៊ីន វិលចូលស្រុក របស់មេដឹកនាំដែលជិតស្និទ្ធ និងជាគ្រួសាររបស់លោកថាក់ស៊ីនផងនោះ គឺសុទ្ធតែធ្លាប់បរាជ័យ ដូចជាកាលពីជំនាន់លោក សាម៉ាក់ ស៊ុនដារ៉ាវេស នៅជានាយករដ្ឋមន្ត្រី នាយករដ្ឋមន្រ្តីថៃទី ២៥, លោក ស៊ុមឆ័យ វង្សាវ៉ាត នាយករដ្ឋមន្រ្តីថៃទី ២៦ និង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃទី ២៨ ជាដើម គឺសុទ្ធតែមិនអាចនាំលោក ថាក់ ស៊ីន ឲ្យវិលចូលស្រុកបាន។

ទោះយ៉ាងណា នៅក្នុងឆ្នាំនេះ លោកស្រី ប៉ៃថងថាន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន កំពុងតែរៀបចំផែនការនេះដែរ នៅគ្រាដែលស្ថានការណ៍នយោបាយរបស់ថៃកំពុងបន្ដអាប់អួរ។

ការប្រកាសអំពីការវិលត្រឡប់មកវិញលើកនេះ គឺជាការប្រកាសលើកទី ២០ ហើយ ដែលលោកបានប្រកាសអំពីផែនការវិលត្រឡប់ ខណៈការប្រកាស លើកទី១៩ ដែលបានធ្វើនៅដើមខែនេះ ត្រូវបានមន្រ្តីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ លើកឡើងថា លោកអាចវិលមកវិញនៅពេលណាក៏បាន ប៉ុន្តែលោកត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ ។

លោក Sonthi Boonyaratglin អតីតមេទ័ព ដែលបានធ្វើរដ្ឋប្រហារ និងផ្ដួលរំលំរដ្ឋាភិបាលរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី១៧ឆ្នាំមុន ក៏បានចេញមកគាំទ្រ ចំពោះការវិលត្រឡប់របស់លោកថាក់ស៊ីននេះដែរ ដោយលោកមើលឃើញថា វាគឺជាឱកាសដ៏ល្អសម្រាប់ការផ្សះផ្សាជាតិ។

ទោះយ៉ាងណា លោក Ayuth Sintoppant អគ្គនាយក នាយកដ្ឋានពន្ធនាគារថៃ បានអះអាងថា ប្រសិនបើលោកថាក់ស៊ីន ពិតជាចូលស្រុកថៃមែននោះ អាជ្ញាធរនឹងត្រៀមចាំចាប់ខ្លួនលោកនៅពេលធ្វើដំណើរមកដល់ព្រលានយន្ដហោះតែម្ដង ដោយការចាប់ខ្លួននេះ គឺស្របទៅតាមដីការបស់តុលាការថៃ។ បើតាមការសែតបាងកកប៉ុស្ដិ៍ ប្រសិនបើ លោកថាក់ស៊ីន លោកអាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង១០ឆ្នាំ ក្រោមសំណុំរឿងចំនួន៣។

ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ជាថ្មីនេះ លោក ឆៃថាវាត ទូឡាថុន អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតនៅថៃ បានលើកឡើងថា ផែនការនេះនឹងមិនប៉ះពាល់ដល់សភាពការណ៍នយោបាយ នៅក្នុងប្រទេសនៅពេលនេះឡើយ ។

លោកបានលើកឡើងថា លោកមិនបានដឹងលំអិតអំពីផែនការនេះទេ ប៉ុន្តែពលរដ្ឋថៃគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើដំណើរមកមាតុប្រទេសរបស់ខ្លួន ដើម្បីប្រឈមមុខនឹងដំណើរការតាមប្រព័ន្ធយុត្តិធម៌៕




អត្ថបទបន្ទាប់


ទីផ្សារបញ្ញាសិប្បនិម្មិត (AI) នៅឥណ្ឌូណេស៊ីកំពុងរីកដុះដាល ខណៈដែលសហគ្រិន ព្រមទទួលយកហានិភ័យ

ទីផ្សារបញ្ញាសិប្បនិម្មិតដែលហៅកាត់ AI នៅ ប្រទេសឥណ្ឌូណេស៊ី ដែលគេដឹងថា ជាទីផ្សារធំបំផុតនៅក្នុងប្លុកអាស៊ានឫតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងពង្រី…

ប្រាក់ចំណេញក្រុមហ៊ុនអេឡិចត្រូនិក Samsung បានធ្លាក់ចុះ៩៥% ក្នុងត្រីមាសទី២ ដោយសារឧស្សាហកម្មឈីបធ្លាក់ចុះ

ក្រុមហ៊ុន Samsung Electronics បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២៧ កក្កដាថា ប្រាក់ចំណេញប្រចាំត្រីមាសទី២របស់ខ្លួនបានធ្លាក់ចុះ ៩៥% ដោយសារការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ