កិច្ចព្រមព្រៀងរបស់ធនាគារពិភពលោកជាមួយនឹង COVAX ដែលត្រូវបានគាំទ្រដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធសកលសម្រាប់ការចាក់ថ្នាំបង្ការនិងប្រព័ន្ធភាពស៊ាំ ហៅកាត់ថា Gavi នឹងជួយប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមអាចទទួលបានវ៉ាក់សាំងបន្ថែមទៀត ពីលើវ៉ាក់សាំងដែលពួកគេទទួលបាននាពេលកន្លងមក។ យន្តការផ្គតផ្គង់វ៉ាក់សាំងនេះនេះអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ថ្មីៗ និង អនុញ្ញាតឲ្យប្រទេសចំណូលទាប និងមធ្យម អាចធ្វើការទិញវ៉ាក់សាំងបានលឿនជាមុន ក្នុងតម្លៃប្រកួតប្រជែងជាងមុនពីក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ដោយផ្អែកលើតម្រូវការសរុបនៅទូទាំងប្រទេស ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀត។
យន្តការថ្មីនេះ កើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីល្បឿនចាក់វ៉ាក់សាំងយឺតយ៉ាវ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ កម្មវិធី COVAXរបស់អង្គការសុខភាពពិភពលោក បានបើកផ្លូវសម្រាប់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ៩២ ដើម្បីទិញនូវវ៉ាក់សាំងផ្ទាល់ខ្លួន និងទទួលបានការបង់ថ្លៃដឹកជញ្ជូនពីម្ចាស់ជំនួយផ្សេងទៀតផងដែរ។ គម្រោងនេះនឹងផ្តល់ជូននូវវ៉ាក់សាំងបន្ថែមចំនួន ៤៣០ លានដូសបន្ថែមទៀត រហូតដល់ចុងឆ្នាំ ២០២១ និងពាក់កណ្តាលឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា នៅប្រទេសដែលមានប្រាក់ចំណូលទាប គឺមានត្រឹមតែ ១,១% នៃប្រជាជននៅក្នុងប្រទេសទាំងនេះ ដែលបានទទួលការចាក់វ៉ាក់សាំងមួយដូស បើប្រៀបធៀបនឹង ២៧% នៃចំនួនប្រជាជនពិភពលោកសរុប។
ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា “ ការទទួលបានវ៉ាក់សាំងនៅតែជាបញ្ហាប្រឈមធំបំផុតដែលប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមក្នុងការការពារប្រជាជនរបស់ពួកគេពីផលប៉ះពាល់សុខភាពសង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩។ ប្រធានធនាគារពិភពលោក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តការនេះនឹងជួយឱ្យមានការផ្គត់ផ្គង់ថ្មី និងអនុញ្ញាតឱ្យប្រទេសនានាបង្កើនការទិញវ៉ាក់សាំងបានកាន់តែច្រើន។
ធនាគារពិភពលោកបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារពិភពលោកបានចំណាយថវិកាជាង ១៥៧ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់សុខភាព សេដ្ឋកិច្ច និងសង្គមនៃការរាតត្បាតកូវីដ១៩ ដែលជាការឆ្លើយតបវិបត្តិលឿនបំផុត និងធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពពិភពលោកព្រមានថា ជំងឺកូវីដ១៩ នឹងបន្តរីករាលដាល និង បង្កាត់ពូជថ្មីៗកាន់តែច្រើនឡើង នៅទូទាំងពិភពលោក ទោះបីមនុស្សជាច្រើនត្រូវបានទទួលថ្នាំបង្ការក៏ដោយ៕
អត្ថបទ៖ ស៊ើង និមល់