ការព្យាកររបស់ធនាគារពិភពលោកថ្មីចុងក្រោយនេះ បានបង្ហាញថា សេដ្ឋកិច្ចភូមាត្រូវបានរំពឹងថានឹងអាចធ្លាក់ចុះដល់ ១០%ឯណោះនៅឆ្នាំនេះ ដែលជាការផ្ទុយស្រឡះពីការព្យាករពីលើកមុនក្នុងខែតុលា ឆ្នាំ២០២០ ដែលថា សេដ្ឋកិច្ចប្រទេសនេះនឹងមានកំណើន ៥,៩%នៅឆ្នាំ២០២១ ។
ធនាគារពិភពលោក បានលើកឡើងចំៗនៅក្នុងរបាយកាណ៍ថា ភូមាបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការតវ៉ាក្នុងពេលកន្លងមកនេះ រួមមានបាតុកម្មរបស់កម្មករនិយោជិកមិនទៅធ្វើការងារ ធ្វើឲ្យអាជីវកម្មជាច្រើនផ្អាកដំណើរការ រួមមានធនាគារ និងសហគ្រាសធំៗជាច្រើន។ ការបញ្ចប់ ឫផ្អាកការវិនិយោគពីក្រុមហ៊ុនធំៗ ដោយសារសកម្មភាពយោធាបង្កបង្ក្រាបលើក្រុមបាតុករ បានធ្វើឲ្យមានកាត់បន្ថយការធ្វើដំណើររបស់ពលរដ្ឋ និងការរំខានដល់សេវាសាធារណៈសំខាន់ៗ រួមមាន ការកាត់ផ្តាច់សេវាកម្មអ៊ិនធើណិតជាដើម។
ជាមួយគ្នានេះ ទណ្ឌកម្មដែលបានធ្លាក់មកជាបន្តបន្ទាប់ ពីលោកខាងលិច និងស្ថាប័នអន្តរជាតិនានា ក៏បានរួមចំណែកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចភូមាផងដែរ ឧទាហរណ៍ មានក្រុមហ៊ុនបរទេស និងជាលក្ខណៈអន្តរជាតិជាច្រើនត្រូវបានរងសម្ពាធឲ្យផ្អាក ឬឈប់ធ្វើការវិនិយោគក្នុងប្រទេសភូមា ដូចជាក្រុមហ៊ុនរបស់ជប៉ុន និងថៃជាដើម។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទើបបានដាក់ទណ្ឌកម្មថ្មីមួយទៀត ដោយបានដាក់ក្រុមហ៊ុនសម្ព័ន្ធដ៏ធំចំនួន២ ដែលគ្រប់គ្រងដោយយោធាភូមាចូលក្នុងបញ្ជីខ្មៅ ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់កងកម្លាំងយោធាភូមា។
ក្រសួងហិរញ្ញវត្ថុអាមេរិកឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនសម្ព័ន្ធភូមាចំនួន២ ក្រុមហ៊ុន រួមមានក្រុមហ៊ុន Holdings Public Company Ltd (MEHL) និងក្រុមហ៊ុន Myanmar Economic Corporation Ltd (MEC) ចូលក្នុងបញ្ជីខ្មៅ ដែលក្រុមហ៊ុនទាំងពីរនេះជាប្រភពរកប្រាក់ចំណូលដ៏សំខាន់របស់របបសឹក។
ចំណែកឯចក្រភពអង់គ្លេសវិញ ត្រូវបានស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉េប (Dominic Raab) បានឲ្យដឹងថា អង់គ្លេសនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន Myanmar Economic Corporation Ltd ដែរ ដោយអះអាងថា ទុកជាការឆ្លើយតប ដល់ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីសំណាក់យោធាភូមា៕