
បើតាម ធនាគារពិភពលោក បង្ហាញថា ការបិទរោងចក្រ និងការកាត់ផ្តាច់ខ្សែចង្វាក់ផលិតកម្ម បានជះឥទ្ធិពលអាក្រក់ដល់ ខ្សែចង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសថៃ។
លើសនេះ វិធានការរឹតបន្តឹងខាងក្នុងប្រទេសថៃ និងឥទ្ធិពលមកពីក្រៅប្រទេស បានធ្វើឲ្យមានការធ្លាក់ចុះនូវ ចំនួនភ្ញៀវទេសចរអន្តរជាតិ តម្រូវការប្រើប្រាស់ ការវិនិយោគ ផលិតកម្ម និងលំហូរពាណិជ្ជកម្ម ដែលជាលទ្ធផល សកម្មភាពសេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានតាំងពីវិបត្តិហិរញ្ញវត្ថុនៅអាស៊ី មកម្ល៉េះ។
ទោះយ៉ាងណា ព្យាករណ៍ថ្មីរបស់ធនាគារពិភពលោក គឺស្របគ្នាទៅតាមព្យាករណ៍របស់ ធនាគារកណ្តាលថៃ ដែលរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៥,៣% ក្នុងឆ្នាំនេះ ហើយតួលេខនេះ ក៏ប្រហាក់ប្រហែលទៅនឹងការប៉ាន់ប្រមាណរបស់ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលវាយតម្លៃថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះ ៥% ទៅ ៦% ក្នុងឆ្នាំ ២០២០នេះ។
សូមជម្រាបថា នៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចថៃ រំពឹងថា នឹងមានកំណើន ៤,១% មកវិញ តែបញ្ហារលកទី ២ នៃមេរោគកូវីដ-១៩ នៅតែជារឿងគួរឲ្យព្រួយបារម្ភ ដែលមិនអាចប៉ាន់ស្មានបាន៕