ធនាគារពិភពលោក

ធនាគារពិភពលោកអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញយឺតជាងការរំពឹងទុក


ធនាគារពិភពលោក (World Bank) នៅតែអះអាងជាថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០២៣នេះ ប៉ុន្តែការកើនឡើងនេះមានភាពយឺតជាងការរំពឹងទុកដែលធនាគារពិភពលោកធ្លាប់បានព្យាករណ៍ នាពេលកន្លងមក។
1
ដោយ

ធនាគារពិភពលោកអះអាងថា កត្តាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយឺតជាងការរំពឹងទុកនេះ គឺផ្អែកលើការថយចុះនៃតម្រូវការខាងក្រៅដែលជាកត្តានាំឲ្យការនាំចេញមានការថមថយ ខណៈចំណូលពីវិស័យទេសចរណ៍នៅមានកំណើនយឺតនៅឡើយ បើទោះបីជា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកប្រទេសកម្ពុជា ហាក់បីដូចជាមានសន្ទុះឡើងវិញ ក៏ដោយចុះ។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចនៅតែបង្ហាញគំនិតសុទិដ្ឋិនិយមជុំវិញស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ថា នឹងរក្សាបានកំណើនជាវិជ្ជមាន ប៉ុន្តែងើបឡើងវិញក្នុងកម្រិតយឺត ចាប់តាំងពីកម្ពុជាទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ និងវិបត្តិសាកលនានា។

បើទោះជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា ហាក់បីដូចជាវិលមករកភាពល្អប្រសើរ ប៉ុន្តែការថយចុះនៃតម្រូវការខាងក្រៅនាំឲ្យការនាំចេញរបស់កម្ពុជា នៅតែមានការថមថយ គួបផ្សំចំណូលពីវិស័យទេសចរណ៍មានកំណើនយឺត ផងនោះ បានធ្វើឲ្យធនាគារពិភពលោកបង្ហាញក្ដីរំពឹងចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងបន្តងើបឡើងវិញ ប៉ុន្តែយឺតជាងអ្វីដែលធនាគារពិភពលោក ធ្លាប់បានរំពឹងទុក កាលពីពេលកន្លងមក។ ក្នុងនោះ ធនាគារពិភពលោកបានព្យាករណ៍សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងរក្សាបានកំណើន ៥,៤% និង ៥,៨% សម្រាប់ឆ្នាំ២០២៤ ហើយនឹងបន្តមានកំណើនរហូត ៦,១% នៅឆ្នាំ២០២៥ខាងមុខ។

ធនាគារពិភពលោកបង្ហាញឲ្យដឹងទៀតថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ហើយវិស័យសេវានៅតែមានកំណើន ប៉ុន្តែ នៅតែមានហានិភ័យ។ ក្នុងនោះរួមមាន តម្រូវការសកលទាបជាងការរំពឹងទុក ភាពអូសបន្លាយនៃការរឹតបន្ដឹងលក្ខខណ្ឌហិរញ្ញវត្ថុសកល និងការកើតឡើងជាថ្មីនៃវិបត្តិតម្លៃប្រេង និងស្បៀងអាហារ។ ដោយឡែក វិបត្តិកំណើនដែលមានប្រភពពីដៃគូពាណិជ្ជកម្មធំៗនៅក្នុងតំបន់ ចិន និងសហរដ្ឋអាមេរិក នឹងបង្កផលប៉ះពាល់ដល់សមិទ្ធកម្មសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា តាមរយៈលំហូរពាណិជ្ជកម្មទ្វេភាគី និងលំហូរហិរញ្ញវត្ថុ ដូចជា ការវិនិយោគផ្ទាល់ពីបរទេសជាដើម។ ចំណែកឯ ហានិភ័យក្នុងស្រុកគឺការកើនឡើងនៃបំណុលគ្រួសារ ជាមួយនឹងការប្រមូលផ្ដុំឥណទានក្នុងស្រុក នៅក្នុងវិស័យសំណង់ និងការសម្របសម្រួលផ្នែកសារពើពន្ធ-រូបបិយវត្ថុ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមក្នុងកំណែទម្រង់រចនាសម្ព័ន្ធ និងកំណែទម្រង់វិស័យ និងការថមថយការប្រមូលចំណូល រួមទាំងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ជាដើម ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ជារួមវិស័យសេវាមានភាពប្រសើរឡើង ប៉ុន្តែចំណូលពីវិស័យទេសចរណ៍នៅតែមានសន្ទុះយឺត ខណៈការនាំចេញទំនិញនៅតែថយចុះ ប៉ុន្តែមានស្ថិរភាពដោយសារភាពរឹងមាំនៃការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ទមនិញធ្វើដំណើរ និងស្បែកជើង។ ចំណែក ការងារក្នុងវិស័យកម្មន្តសាលរងផលប៉ះពាល់ដោយសារការថមថយការនាំចេញ ស្របពេលដែលការប្រើប្រាស់ថយចុះ។ យ៉ាងណាមិញ ការថមថយការនាំចូលធ្វើឲ្យរួមតូចឱនភាពគណនីចរន្ត ខណៈដែលអត្រាអតិផរណានៅឆ្នាំនេះបានកើនឡើងបន្តិច។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយធនាគារពិភពលោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ជុំវិញនឹងការព្យាករសេដ្ឋកិច្ចខាងលើនេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភា បានកត់សម្គាល់ឃើញថា ស្ថិតក្នុងវិបត្តិកូវីដ១៩ និងបញ្ហាសាកលផ្សេងៗ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងគ្រោះយ៉ាងខ្លាំង ជាពិសេសនៅអំឡុងឆ្នាំ២០២០ តែម្ដង។ សម្រាប់អ្នកជំនាញរូបនេះ ដ្បិតសេដ្ឋកិច្ចកម្ពុជា មានកំណើនយឺត ប៉ុន្តែលោកក៏បានកត់សម្គាល់ទៀតថា បច្ចុប្បន្នវិស័យនាំចេញរបស់កម្ពុជា ហាក់មានការកំរើកឡើងវិញបន្តិច គួបផ្សំការងើបឡើងវិញជាបន្តនៃវិស័យវិស័យទេសចរណ៍ ផងដែរ ខណៈកន្លងមក វិស័យនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសវិស័យលក់រាយ និងសេវាកម្ម ដែលជាវិស័យដ៏សំខាន់ទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ គឺក្នុងរង្វង់ ៥% ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ភូមិគ្រឹះប្រណីត២កន្លែងរបស់ប្រធានក្រុមហ៊ុនចិន Evergrande តម្លៃជិត២០០លានដុល្លារត្រូវបានម្ចាស់បំណុលរឹបអូស

ម្ចាស់បំណុលបានរឹបអូសភូមិគ្រឹះដ៏ប្រណីតចំនួន២កន្លែងស្ថិតនៅលើកំពូលភ្នំនៅទីក្រុងហុងកុងដែលជាកម្មសិទ្ធិរបស់លោក ហួយ កា យ៉ាន (Hui Ka Yan) ប្រធ…

អ្នកជំនាញជឿថា តម្លៃទំនិញនឹងមានស្ថិរភាពល្អក្រោយរដ្ឋាភិបាឱ្យដំឡើងកម្រិតទម្ងន់ដឹកជញ្ជូន

ការអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាលើការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោនដល់៤៥តោន ត្រូវបានអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ