នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីមកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក សហភាពអាហ្រ្វិក និងប្រទេសអេស្ប៉ាញបានជួបប្រជុំគ្នាអំពីបញ្ហាកង្វះខាតស្បៀងអាហារសាកល ដែលត្រូវបានមេដឹកនាំទាំងនេះផ្តោតជាបញ្ហាចម្បងដែលបង្កឡើងដោយជម្លោះ និងអស្ថិរភាព។
ក្នុងនោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក លោក Pedro Sanchez បានធ្វើការថ្កោលទោសនូវទង្វើលុកលុយរបស់យោធារុស្សីទៅលើអ៊ុយក្រែន ដោយលោកបានសង្កត់ធ្ងន់ថា «គ្មានសន្ដិភាពណា ដែលមានអត់ឃ្លានទេ ហើយយើងក៏មិនអាចប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានបានដែរ បើមិនមែនសន្តិភាពនោះ»។
រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron ឯណោះវិញ បាននិយាយនៅក្នុងសុន្ទរកថាផ្ទាល់របស់លោកកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសបារាំងនឹងផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូនស្រូវសាលីអ៊ុយក្រែនទៅកាន់ប្រទេសសូម៉ាលី ដែលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាននោះ។
មែនទែនទៅ អ៊ុយក្រែនជាប្រទេសផលិតគ្រាប់ធញ្ញជាតិធំជាងគេបំផុតមួយរបស់ពិភពលោក ហើយការឈ្លានពានរបស់រុស្ស៊ីបានធ្វើឲ្យមានការខ្វះខាតការផ្គត់ផ្គង់ស្បៀង ក៏ដូចជាអតិផរណាកើនឡើងខ្ពស់ផងដែរ។
ទន្ទឹមគ្នានេះ មានការព្រួយបារម្ភពីការផលប៉ះពាល់រយៈពេលវែង បើតាមការរបាយការណ៍ថ្មីៗនេះ ដោយក្រុមសង្កេតការណ៍របស់សហរដ្ឋអាមេរិកលើសង្គ្រាមនៅអ៊ុយក្រែនបានរកឃើញថា ប្រហែល១៥% នៃស្តុកគ្រាប់ធញ្ញជាតិក្នុងប្រទេសអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ់ដោយសារការវាយលុករបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈមក ដោយអ្នកជំនាញព្រមានថា ការរំខានដល់ការដឹកជញ្ជូនជីកសិកម្ម ក៏អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់ការប្រមូលផលនាពេលអនាគតនៅជុំវិញពិភពលោក។
លោក Alvaro Lario ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មបាននិយាយថា «ការរំខានដល់ការផ្គត់ផ្គង់ស្បៀងនាពេលបច្ចុប្បន្ន និងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងមានផលប៉ះពាល់ដល់ការប្រមូលផលបន្តបន្ទាប់នៅពេលខាងមុខ»។
លោកបានអំពាវនាវឱ្យមានសកម្មភាពសម្រាប់រយៈពេលវែង ដែលជាការរវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីធានាស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់អាហារ និងសម្របខ្លួនទៅនឹងអាកាសធាតុក្ដៅហួតហែងជាដើម។
នៅក្នុងរបាយការណ៍រួមមួយកាលពីខែកក្កដា ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងអង្គការ UNICEF និងអង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយថា មនុស្សចន្លោះពី ជាង៧០០ ទៅ ៨២៨ លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយភាពអត់ឃ្លាននៅឆ្នាំ ២០២១ ឬ ៩,៨% នៃចំនួនប្រជាជនពិភពលោកសរុប។
ទោះយ៉ាងណា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីពេលថ្មីៗនេះថា «ពិភពលោកនៅមានអាហារគ្រប់គ្រាន់នៅឆ្នាំ២០២២ ប៉ុន្តែអ្វីដែលគូរឲ្យបារម្ភនោះគឺ អស្ថិរភាពនៅឆ្នាំ២០២៣ អាចបណ្តាលឲ្យខ្វះខាងស្បៀងអាហារធ្ងន់ធ្ងរ»៕