គេហទំព័រ អង្គការ Four Paws ដែលបានធ្វើការងារក្នុងការជួយសង្គ្រោះដំរី ខាវ៉ាន់ និងដឹកជញ្ជូនមកកម្ពុជា នៅថ្ងៃនេះ បានសរសេរថា "ខាវ៉ាន់ ត្រូវបានជួយសង្គ្រោះហើយ ! គាត់បានមកដល់ដែនជម្រកសត្វព្រៃមួយកន្លែង នៅកម្ពុជា ដោយសុវត្ថិភាពហើយ ដើម្បីត្រៀមខ្លួនសម្រាប់ឆាកជីវិតថ្មី !"
យោងតាមទីភ្នាក់ងារព័ត៌មានព័ត៌មាន AKP ដំរី ខាវ៉ាន់ បានមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ មន្ត្រីជាន់ខ្ពស់តំណាងក្រសួងបរិស្ថានកម្ពុជា លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានចូលរួមជាអធិបតីពិធីទទួលស្វាគមន៍ដំរី ខាវ៉ាន់ មកកាន់ផ្ទះថ្មី នៅកម្ពុជា រួមជាមួយនឹងមន្ត្រីអង្គការស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងដំណើរមកដល់នៃដំរី ខាវ៉ាន់ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប គេឃើញវត្តមានតារាចម្រៀងនិងជាតាភាពយន្តរបស់សហរដ្ឋអាមេរិក អ្នកនាង Cher ដែលបានស្វាគមន៍ការមកដល់របស់ ខាវ៉ាន់ ។ អ្នកនាង Cher គឺជាអ្នកផ្ដួចផ្ដើមយុទ្ធនាការពិភពលោកមួយ ដើម្បីជួយសង្គ្រោះ ខាវ៉ាន់ ដែលបានចាប់ផ្ដើមកាលពីប្រមាណជាង ៤ឆ្នាំមុន ។
ដំរីឈ្មោល ខាវ៉ាន់ ត្រូវបានគេនាំយកទៅកាន់ប្រទេសប៉ាគិស្ថាន កាលវាមានអាយុបានមួយខួប ដែលជាអំណោយរបស់ប្រទេសស្រីលង្កា ។ កាលពីឆ្នាំ២០១២ ខាវ៉ាន់ បានបាត់បង់ដំរីញីជាដៃគូរបស់ខ្លួន ឈ្មោះ សាហែលី ដែលស្លាប់ដោយសារដំបៅក្លាយនៅលើជើង ដែលបង្កឡើងដោយច្រវាក់ដែលគេទាក់ជើងរបស់វា ។ គ្រានោះ រូបភាពដ៏គួរឲ្យសង្វេគដែល ខាវ៉ាន់ ឈរនៅពីលើសាកសពដំរីដៃគូរបស់វា បានធ្វើឲ្យពិភពលោករន្ធត់ចិត្ត ។ ហើយតាំងពីពេលនោះមក ខាវ៉ាន់ ត្រូវបានដាក់ឈ្មោះឲ្យថា ជាដំរីដែលឯកាបំផុត នៅលើពិភពលោក ។ ម្យ៉ាងទៀត ខាវ៉ាន់ ក៏ជាដំរីអាស៊ីតែមួយគត់ ដែលស្ថិតនៅក្នុងប្រទេសប៉ាគិស្ថាន ផងដែរ ។
ការជួយសង្គ្រោះដំរី ខាវ៉ាន់ និងការនាំមកកាន់ផ្ទះថ្មី នៅកម្ពុជា គឺជាកិច្ចប្រឹងប្រែងរបស់តារាចម្រៀងអាមេរិក អ្នកនាង Cher និងអង្គការសង្គ្រោះសត្វព្រៃ ឈ្មោះ FOUR PAWS ។ អ្នកចម្រៀងអាមេរិករូបនេះ បានធ្វើការជាមួយអង្គការ FOUR PAWS ដោយបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគិស្ថាន ដើម្បីពិនិត្យស្ថានភាពសុខភាពរបស់ដំរី ខាវ៉ាន់ ។
ក្រោយមកទៀត តាមរយៈកិច្ចប្រឹងប្រែងផ្នែកផ្លូវច្បាប់ និងសេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ទីក្រុងអ៊ីស្លាម៉ាបាដ ទីបំផុត ការជួយសង្គ្រោះ ខាវ៉ាន់ ចេញពីសួនសត្វដែលមានស្ថានភាពដ៏អាក្រក់ ក៏ទទួលបានជោគជ័យ ។
ហើយ ដំរី ខាវ៉ាន់ ក៏បានធ្វើដំណើរដោយសុវត្ថភាពមកដល់កម្ពុជា ដែលជាបន្ទាប់ ខាវ៉ាន់ នឹងត្រូវគេយកទៅកាន់ផ្ទះថ្មី គឺនៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ៕