
ក្នុងចំណោមប្រទេសស្អាតបំផុតទាំង ២០ ដែលចាត់ថ្នាក់ដោយ Rough Guides មានប្រទេសអាស៊ីតែ ៣ប៉ុណ្ណោះ និងពុំមានឈ្មោះប្រទេសកម្ពុជាទេ បើទោះបីកម្ពុជាមានប្រាសាទអង្គរវត្ត និងឆ្នេរខ្សាច់ដ៏ល្អក៏ដោយ។
ប្រទេសអាស៊ីទាំង ៣ រួមមាន ឥណ្ឌូនេស៊ី (ជាប់លេខ៦ នៅក្នុងបញ្ជីប្រទេសទាំង២០) ឥណ្ឌា ជាប់លេខ១៣ និងវៀតណាមជាប់លេខចុងគេ គឺលេខ២០។
នៅក្នុងស្ទង់មតិអនឡាញដោយអ្នកអានគេហទំព័រ Rough Guides ប្រទេសឥណ្ឌូនេស៊ីជាប់លេខ៦ ដោយសារតែអ្នកជ្រើសរើសសរសើរពីទេសភាពធម្មជាតិនិងវប្បធម៌ចម្រុះសម្បូរបែបនៃប្រទេសអាស៊ីមួយនេះ។ ឥណ្ឌូនេស៊ីមានកោះដ៏ច្រើនអនេក មានទេសភាពភ្នំ និងបេតិកភណ្ឌជាច្រើន។

ឥណ្ឌា ជាប់លេខ១៣ ក្នុងចំណោមប្រទេសទាំង២០ ហើយប្រទេសនេះត្រូវបានអ្នកអានគេហទំព័រ Rough Guides បោះឆ្នោតជ្រើសរើសឲ្យជាប់ក្នុងចំណោមប្រទេសស្អាតជាងគេបំផុតលើពិភពលោក ដោយពួកគេសរសើរចំពោះវប្បធម៌ដ៏ចម្រុះរបស់ប្រទេសនេះ។ អ្នកខ្លះសរសើរថា បើនិយាយពីវប្បធម៌ គឺឥណ្ឌាជាប្រទេសស្អាតបំផុតលើពិភពលោក។

វៀតណាម ជាប់លេខ២០។ Rough Guides សរសេរលើកសរសើរអំពីសណ្ឋានថ្មដ៏មានសោភ័ណភាពទាក់ទាញនៅតំបន់ឆកសមុទ្រ ហាឡុង (Ha Long Bay) និងវាលស្រែចម្ការដែលមានរាងជាថ្នាក់ៗនៃតំបន់ភ្នំ សាប៉ា (Sa Pa)។
ប្រទេសដែលស្អាតដាច់គេ នៅក្នុងបញ្ជីប្រទេសទាំង២០ របស់ Rough Guides គឺស្កុតលែន (Scotland)។
គួររំលេចថា ពាក្យ«ស្អាត»នៅក្នុងអត្ថបទនេះ សំដៅទៅទេសភាព សោភ័ណភាព មិនមែនសំដៅទៅលើភាពស្អាតមានអនាម័យនោះទេ។
សូមអានអត្ថបទដើមជាភាសាអង់គ្លេសនៅទីនេះ៖ The most beautiful country in the world – as voted by you