នេះជាគម្រោង ភូមិកីឡដ្ឋាន ដ៏ទំនើបធំស្កឹមស្កៃ ដែលបានសាង់សង់ឡើង សម្រាប់ស្វាគមន៍ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន នៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានអះអាងថា ដោយសារតែគម្រោងនេះ ជាគម្រោងរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ សហការជាមួយរាជរដ្ឋាភិបាល ដូច្នេះ មិនអាចដំអក់បានទេ ទោះស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩នេះ អូសបន្លាយយូរប៉ុណ្ណាក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។
ម្យ៉ាងវិញទៀត អ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា រាជរដ្ឋាភិបាលនឹងអាចគ្រប់ស្ថានភាពនៃរាតត្បាតក្នុងសហគមន៍នេះ នៅក្នុងពេលណាមួយមិនខាន។
ការសាងសង់គម្រោងភូមិកីឡដ្ឋាន វើលប្រ៊ីដនេះ គឺលាតសន្ធឹងលើផ្ទៃដី ៦ហិកតា ក្នុងចំណោមផ្ទៃ ដី៣ម៉ឺន៥ពាន់ហិកតា ដែលគម្រោងនេះស្រដៀងទៅនឹងបុរីកីឡាកាលពីជំនាន់មុនដែរ ហើយវាមានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានមរតកតេជោ ក្នុងទីក្រុងនាគសម្តេចតេជោសែន ។
អ្នកឧកញ៉ា សៀ ឫទ្ធី អះអាថា គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដោយតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១.៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងនៅចុងឆ្នាំ ២០២២ខាងមុខនេះ៕