នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានរឿងកើតឡើងជាបន្តបន្ទាប់ ស្ទើរគ្រប់វិស័យ ដែលបានធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកល្អក់កករ រាប់ចាប់តាំងពីនយោបាយ ពាណិជ្ជកម្ម ការទូត យោធា និងសូម្បីតែបញ្ហាកូវីដ១៩ផងដែរ។ ចុងក្រោយនេះ ភាគីទាំងពីរបានដំឡើងសំឡេងដាក់គ្នា ក្នុងរបាយការណ៍ក្បាលគ្រាប់មីស៊ីលរបស់ចិនថែមទៀតផង។
ក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលចិន នៅថ្ងៃច័ន្ទនេះ នឹងក្លាយជាវិធិសាស្ត្រល្អបំផុតមួយ បញ្ចៀសភាពល្អក់កករនេះ ពីការឈានទៅរកជម្លោះធ្ងន់ធ្ងរ។
អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាពីការប្រកួតក្រកួតប្រជែងដោយស្មើភាពមួយ ក៏ដូចជាការធ្វើយ៉ាងណា សហការគ្នាឲ្យបានល្អ ឆ្ពោះទៅរកផលប្រយោជន៍រួម។
ជាមួយគ្នានេះ ទីក្រុងប៉េកាំងក៏មានបំណងចង់ជៀសវាងពីការប្រឈមមុខដាក់គ្នាផងដែរ ស្របពេលដែលបច្ចុប្បន្ន ចិនកំពុងប្រឈមមុខដោះស្រាយ បញ្ហាសំខាន់ៗមួយចំនួន ដូចជាការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងការកត់ត្រាពីកំណើនសេដ្ឋកិច្ចយឺត និងវិបត្តិអចលនទ្រព្យដ៏គម្រាមកំហែងមួយផងដែរ។
រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះថា មេដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរការយល់ឃើញស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផលប្រយោជន៍រួមនៅក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ម៉ោងនៅតំបន់អាស៊ី ហើយត្រូវនឹងល្ងាចថ្ងៃច័ន្ទម៉ោងនៅសហរដ្ឋអាមេរិក។
សូមជម្រាបថា នេះជាជំនួបលើកទីពីរហើយរវាងមេដឹកនាំកំពូលនៃមហាអំណាចទាំងពីរ ខណៈលើកទី១ត្រូវបានធ្វើឡើងកាលពីខែកញ្ញា តាមប្រព័ន្ធទូរសព្ទ។ ជំនួបថ្មីនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់បំផុតរបស់មេដឹកនាំចិន និងអាមេរិក ពិសេសក្រោមការគ្រប់គ្រងរបស់លោក ចូ បៃឌិន៕