ឆ្លើយតបជាមួយអ្នកកាសែត ខេមបូណូមីស លោក ឈួម ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន យើងបានបង្កើត GAME ចំនួន៦ហើយ។ ហើយ GAME ចុងក្រោយនេះ ឈ្មោះ Jailbreak The Game ដែលត្រូវបានទទួលពានរង្វាន់ Cambodia ICT ប្រចាំឆ្នាំ២០១៧»។
លោកលម្អិតថា Game ទី១ ឈ្មោះ Hungry ObOb ដែលមានរូបកង្កែបទាញផ្កែដើម្បីទាក់ទាញសត្វឃ្មុំ ដោយប្រើអណ្តាត។ ក្នុងនោះមានបញ្ចូលទីតាំងប្រាសាទអង្គរវត្តនៅលើ Window8។ ទី២ ហ្គេមឈ្មោះ Parachute Jumper ជាសកម្មភាពលោតឆ័ត្រលើយន្តហោះរើសត្បូងលើដីតែកុំឲ្យប៉ះសត្វកុក។ ទី៣ ហ្គេម ឈ្មោះ Sok and Sao’s Adventure ដែលបង្ហាញថា សត្វមូស ខ្យាដំរី ជាសត្វចង្រៃ។ ទី៤ ហ្គេមឈ្មោះ Chasing Zombies ទី៥ ហ្គេម ឈ្មោះ Wrath of Fighters និងទី៦ ហ្គេម ឈ្មោះ Jailbreak ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។
លោកអត្ថាធិប្បាយថា ក្រុមរបស់លោកមាន ៤នាក់ ដូចជា អ្នកគូររូបឌីជីថល អ្នកធ្វើគំនូរជីវចល និងអ្នកសរសេរកម្មវិធី (Program) និងកូដ ខណៈលោកជាអ្នកដឹកនាំ។ ក្នុងមួយឆ្នាំ ក្រុម DirectPlay ធ្វើបានតែ២ប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពីលោក ឈួម ពិសិដ្ឋ ហ្គេម របស់លោកទាំងអស់ មិនចម្លងពីគេឡើយ ពោលគឺបង្កើតដោយគំនិតខ្លួនឯងសុទ្ធសាធ។
លោកបញ្ជាក់ថា លក្ខណៈពិសេសរបស់ Jailbreak the Game គឺបង្កើតចេញពីភាពយន្តឈ្មោះ Jailbreak ដែលលោកបានបញ្ចូលក្បាច់ខ្មែរ ទីក្រុងភ្នំពេញ អគារបូឌីញ និងអត្តសញ្ញាណខ្មែរ ជាច្រើនទៀត។
លោកអះអាងថា៖ «យើងចង់បង្ហាញជាឧទាហរណ៍ឲ្យសិស្សនិស្សិតក្រោយៗទៀត ដែលរៀនចប់ចង់ធ្វើ GAME។ យើងបង្ហាញគាត់ថា GAME មិនអាក្រក់ទេ សំខាន់យើងយកមកប្រើប្រាស់ក្នុងវិធីណា? ដូច្នេះ ជាការលើកទឹកចិត្តគាត់ ព្រោះសង្គមនិងក្រសួងបានទទួលស្គាល់។ កាលមុន រូបភាពអ្នកធ្វើហ្គេមផ្សេង តែពេលជាប់ពានរង្វាន់ គេឲ្យតម្លៃយើងលើសមុន»។
តាមពិតទៅ លោក ឈួម ពិសិដ្ឋ មិនមែនជាអ្នកជំនាញព័ត៌មានវិទ្យា (IT) នោះទេ បុរសវ័យ២៩ឆ្នាំរូបនេះ គឺជាវិស្វករ។ លោកពន្យល់យ៉ាងដូច្នេះ ថា៖ «ហ្គេម វាជាផ្នែកមួយដែលជួយជំរុញសិល្បៈយើងឲ្យទៅមួយកម្រិតទៀត។ ធម្មតា ជំនួញ គេធ្វើដើម្បីលុយ។ លុយជារឿងមួយ ប៉ុន្តែ ក្រុមខ្ញុំបានសួរខ្លួនឯងថា តើយើងធ្វើដើម្បីអ្នកណា? យើងធ្វើដើម្បីប្រជាជន និងប្រទេសយើង។ ដូច្នេះ យើងមានវប្បធម៌ យើងអាចសម្តែងតាមកុន ចម្រៀង ឬរបាំ តែយើងអាចយកទាំងអស់ហ្នឹងដាក់បញ្ចូលក្នុងហ្គេម ដូចនៅ អឺរ៉ុប គេយកសម្លៀកបំពាក់គេ តួអង្គគេ និងវប្បធម៌គេដាក់ក្នុងហ្គេម។ ចុះហេតុអ្វីយើងមិននាំយកអត្តសញ្ញាណខ្មែរយើងមកផ្សព្វផ្សាយក្នុងហ្គេមដែរទៅ? ដូច្នេះ យើងចង់ផ្សព្វផ្សាយអ្វីជារបស់ខ្មែរទៅកាន់ពិភពលោក តាមរយៈឌីជីថល»។
លោកពន្យល់ថា ហ្គេមទាំង៦ គឺអាចដោនឡូតដោយមិនគិតថ្លៃ។ ម្យ៉ាងវិញទៀត ហ្គេមនេះបានបង្ហាញពីការផ្សព្វផ្សាយពាណិជ្ជកម្មបែបថ្មី ដោយមិនដាក់ពាណិជ្ជកម្មពេលកំពុងលេង ដែលធ្វើឲ្យរំខាន និងធុញទ្រាន់ដល់អ្នកលេងនោះ ប៉ុន្តែ ហ្គេម Jailbreak គឺបានបញ្ចូលផ្ទាំងបាណូ ភេសជ្ជៈស្ទីងរបស់ក្រុមហ៊ុន PEPSI៕