ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦% ដោយបានបាត់បង់ថវិការច្រើនជាង ២០០ ពាន់លានដុល្លារ ដែលនេះគឺជាការបាត់បង់ដ៏ធំមិនធ្លាប់មានក្នុងទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិក។ ទន្ទឹមនឹងនេះ វាបានធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta គឺលោក Zuckerberg មកនៅត្រឹម ៨៥ ពាន់លានដុល្លារ នេះបើតាមទស្សនាវដ្ដី Forbes។ ក្នុងនោះលោក Zuckerberg មានភាគហ៊ុនប្រហែល ១២,៨% នៃក្រុមហ៊ុនមេរបស់ Facebookមួយនេះ។
ដោយឡែក លោក Bezos ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនលក់ទំនិញអេឡិចត្រូនិក Amazon វិញមានភាគហ៊ុនប្រមាណ ១០% នៃក្រុមហ៊ុន Amazon។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos បានកើនឡើង ៥៧% មានដល់ទៅ ១៧៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើងមកពីការរីកដុះដាលរបស់ក្រុមហ៊ុន Amazon ក្នុងអំឡុងពេលរាតត្បាត នៅពេលដែលមនុស្សពឹងផ្អែកខ្លាំងលើការទិញទំនិញតាមអ៊ីនធឺណិត ហើយលោកក៏ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីមានជាងគេបំផុតទី៣របស់ពិភពលោកផងដែរ។ នេះបើយោងតាមទស្សនាវដ្ដី Forbes។
គួបញ្ចាក់ថា ការធ្លាក់ចុះទ្រព្យសម្បត្តិមួយថ្ងៃរបស់ Zuckerberg គឺជាតួរលេខខាតបង់ដ៏ធំបំផុត ហើយបន្ទាប់ពីការខាតបង់នេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta រូបនេះ បានធ្លាក់នៅលំដាប់ទី ១២ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកវិញផងដែរ៕