របាយការណ៍មួយ ក្នុងពិពរណ៍ការងារ ដែលបានផ្សាយលើគេហទំព័រក្នុងស្រុកវៀតណាម បានឲ្យដឹងដែរថា ការផ្គត់ផ្គង់កម្លាំងពលកម្មនៅវៀតណាម គឺមិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការដែលកំពុងមានការកើនឡើងនោះឡើយ។
តាមមជ្ឈមណ្ឌលសេវាកម្មការងារ ហាណូយ ដែលត្រូវបានសារព័ត៌មាន Vietnam News ស្រង់សម្ដីបានឲ្យដឹងថា មានអាជីវកម្មជាច្រើន បានផ្ដល់នូវប្រាក់ខែខ្ពស់គួរសម គួបផ្សំនឹងប្រាក់លើកទឹកចិត្តផ្សេងៗទៀត ប៉ុន្ដែ មានអ្នកស្វែងរកការងារតិចតួចប៉ុណ្ណោះ ដែលបានចាប់អារម្មណ៍។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែការងារជាសន្ដិសុខ មានអាជីវកម្មខ្លះ បានផ្ដល់ជូនប្រាក់ខែរហូតដល់ ៣០០ ទៅ៤៣០ ដុល្លារ ប៉ុន្ដែ នៅតែមិនមានអ្នកចាប់អារម្មណ៍ចង់ធ្វើទៀត។
អ្នកជំនាញសេដ្ឋកិច្ចវៀតណាម បានអះអាងថា អ្នកស្វែងចេញរកការងារធ្វើមានតិចជាងមុននេះ វាជារឿងល្អទេ ព្រោះវាបានសបញ្ជាក់ឲ្យឃើញពីការធ្លាក់ចុះនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសវៀតណាម។
ទោះបីជាយ៉ាងនេះក្ដី ម្ចាស់អាជីវកម្មជាច្រើនវិញ បានលើកឡើងថា នេះបានបង្ហាញពីកង្វះកម្លាំងពលកម្ម ពោលគឺអ្នកស្វែងរកការងារកំពុងមានតិចជាង តម្រូវការការងារដែលកំពុងមានការកើនឡើង។
ប្រភពព័ត៌មាន Vietnam News បានឲ្យដឹងទៀតថា បញ្ហាកង្វះកម្លាំងពលកម្ម ភាគច្រើន គឺមាននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម ជាក់ស្ដែង នៅខេត្ត Binh Duong មានសគ្រាសជាង ៣៤០កន្លែង មានតម្រូវការអ្នកចូលធ្វើការប្រមាណ ជាង ៤ម៉ឺណ៧ពាន់នាក់ ដែលភាគច្រើនជាក្រុមហ៊ុនវិនិយោគពីបរទេស នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក។ ក្រុមហ៊ុនទាំងនោះ ផ្ដល់ជូនប្រាក់ខែ ប្រមាណ ៣០០ ទៅជាង៣៨០ ដុល្លារក្នុងមួយខែ ព្រមជាមួយនឹងអត្ថប្រយោជន៍ និងប្រាក់លើកទឹកចិត្តផ្សេងទៀត ដោយមិនទាមទារបទពិសោធន៍ការងារឡើយ។
របាយការណ៍ស្រាវជ្រាវមួយទៀត បានបង្ហាញថា តាមការរំពឹងទុក តាមរយៈការវិនិយោគពីក្រៅប្រទេសនឹងទាក់ទាញកម្លាំងពលកម្មនៅវៀតណាមកើនឡើង ១០ លាននាក់ ដែលធ្វើឲ្យអាជីវកម្មនៅតាមតំបន់មួយចំនួន មានតម្រូវការការងារ កាន់តែខ្ពស់ជាងមុន។ ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្ម នៅក្នុងសហគ្រាសខ្នាតតូច ក៏នឹងមានការកើនឡើងប្រមាណ ៣០ ទៅ ៤០ ភាគយ ផងដែរ ដែលវាជាតម្រូវការមួយមានខ្ពស់ជាងការផ្គត់ផ្គង់៕