អ្នករៀបចំព្រឹត្តិការណ៍ កីឡារដូវរងាឆ្នាំ ២០២២ បាននិយាយនៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមានករណីឆ្លងថ្មីចំនួន ២៨នាក់ ដែលសុទ្ធសឹងតែជាអ្នកដែលបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន រួមទាំងអត្តពលិក ឬក្រុមមន្ត្រីចំនួន ៨ នាក់ដែលត្រូវមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី ៤ ដល់ ២១ ខែកុម្ភៈផងដែរ។
ទោះយ៉ាងណា អាជ្ញាធរកំពុងដាក់វិធានការសុខភាពយ៉ាងតឹងរ៉ឹងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាពិក នេះទៅលើនឹងអ្នកចូលរួម បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រតិបត្តិការនៅក្នុងប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសការជួជុំពាក់ព័ន្ធនឹងសាធារណៈជន ក្នុងគោលបំណងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថិតនៅក្រោយការគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិនេះ អនុញ្ញាតឱ្យអ្នកចូលរួមអាចចល័តដោយសេរីពីកន្លែងស្នាក់នៅ ទៅទីកន្លែងកីឡាអូឡាំពិក ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការចល័តដោយសេរីនៅទីសាធារណៈនោះទេ។
ផ្ទុយពីប្រទេសជាច្រើនដែលកំពុងស្វែងរកការរស់នៅជាមួយជំងឺកូវីដ១៩ ប្រទេសចិនបានដាក់ខ្លួនដាច់ដោយឡែកតែម្នាក់ឯងជាមួយនឹងគោលការណ៍គ្មានកូវីដ ឬ Zero-COVID ដោយបានលុបចោលជើងហោះហើរអន្តរជាតិស្ទើរតែទាំងអស់។
ប៉ុន្តែសម្រាប់អត្តពលិកអូឡាំពិក និងអ្នកផ្សេងទៀតត្រូវហោះហើរត្រង់ចូលទីក្រុងតាមជើងហោះហើរដែលបានជួលសម្រាប់តែការធ្វើដំណើរសម្រាប់កីឡាអូឡាំពិកតែប៉ុណ្ណោះ។ ដោយអ្នកដំណើរទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិកក៏កំពុងត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃផងដែរ៕
អត្ថបទ ស៊ើង និមល់