នេះបើយោងតាមសេចក្ដីព័ត៌មានមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ទោះយ៉ាងណា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ក៏មានភ្ជាប់ជាមួយនឹងលក្ខខណ្ឌតម្រូវមួយចំនួនផងដែរ ដូចជា កម្មករនិយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីរវាងមួយសប្តាហ៍ទៅពីរសប្តាហ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។ លើសពីនេះ ការបើកប្រាក់ឧបត្ថម្ភនេះ ទាមទារនូវការរៀបចំយន្ដការផ្ទៀងផ្ទាត់ និងជ្រើសរើសសិក្ខាកាម ចូលរួម ជាកម្មករ-និយោជិត តាមរយៈការពិនិត្យលើបញ្ជីរាយនាមកម្មករ-និយោជិត ពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដោយមានភ្ជាប់ជាមួយនឹងលេខប័ណ្ណ បសស ឬការបញ្ជាក់ពីម្ចាស់អាជីវកម្មទេសចរណ៍។
គេនៅចាំបានថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា ក៏ធ្លាប់ប្រកាស ផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករ-និយោជិតរោងចក្រកាត់ដេរ នៅអំឡុងពេលរោងចក្រកាត់ដេរបិទទ្វារបណ្ដោះអាសន្នផងដែរ ដោយកម្មករកម្មការិនីរោងចក្រដេរ ដែលធ្វើការនៅក្នុងរោងចក្រនោះ នឹងត្រូវទទួលបានប្រាក់ខែ ៦០% នៃ ប្រាក់ខែសរុបបច្ចុប្បន្នរបស់ពួកគេ។
បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ប្រាក់ឧបត្ថម្ភ ដែលនឹងត្រូវផ្ដល់ជូនកម្មករកម្មការិនី ៦០% នៃប្រាក់ខែសរុប ក្នុងអំឡុងពេលរោងចក្របិទបណ្ដោះអាសន្ននោះ ថៅកែរោងចក្រនឹងត្រូវផ្ដល់ជូន៤០% និង រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ជូនបន្ថែម ២០% សរុបទៅ គឺកម្មករកម្មការិនី នឹងទទួលបាន ៦០% ឬស្មើនឹងប្រមាណ ១២០ ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុងអំឡុងពេលព្យួរការងាររយៈពេល ៦ខែ។
ប៉ុន្ដែដើម្បីបានទទួលនៅការឧបត្ថម្ភនេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្មករ-និយោជិត ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ រវាងពី១ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាបថា កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ ជុំវិញការលើកលែងពន្ធទៅលើវិស័យមួយចំនួនដែលបានទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃវីរុសកូវិដ១៩។ ក្នុងនោះដែរ អាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅក្នុងខេត្ត-ក្រុងចំនួន ៧ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់រយៈពេល ៣ខែ ដោយបានចាប់ផ្តើមអនុវត្តពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០៕