បញ្ហាទីផ្សារផ្លែស្វាយកែវមៀតគ្មានទីផ្សារ

មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ថាទីផ្សារផ្លែស្វាយកែវរមៀតកំពុងធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មាន


មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងទាក់ទងនឹងបញ្ហាទីផ្សារផ្លែស្វាយកែវមៀត ថាគ្មានទីផ្សារ និងមានការធ្លាក់ថ្លៃមិនធ្លាប់មានពីមុនមក។ បើតាមមហាសេដ្ឋីកសិកម្មរូបនេះ ផ្លែស្វាយកែវរមៀតខៀវ សព្វថ្លៃ មានតម្លៃត្រឹម ៤រយរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈកន្លងមក អាចលក់បានតម្លៃប្រមាណ ៨រយរៀល ទៅ ១ពាន់២រយរៀល ក្នុងមួយគីឡូក្រាម។
ការប្រមូលផលស្វាយរបស់កសិករ

ដោយឡែក សម្រាប់ស្វាយកែវរមៀតខ្ចប់វិញ ត្រូវបានឧកញ៉ា ម៉ុង ឬទ្ធី សង្កត់ធ្ងន់ថា គ្មានទីផ្សារតែម្ដង ដោយសារតែគ្មានមធ្យោបាយសម្រាប់នាំចេញ ដោយលោកបញ្ជាក់ទៀតថា កន្លងមក ផ្លែស្វាយរបស់លោកត្រូវដឹកតាមយន្តហោះ ដើម្បីនាំចេញទៅកាន់ទីផ្សារ។

ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានគូសបញ្ជាក់ដូច្នេះ ផ្លែស្វាយកែវរមៀតបច្ចុប្បន្នបានធ្លាក់ថ្លៃ មិនធ្លាប់ជួបប្រទះពីមុនមកនោះទេ។ ជាក់ស្ដែង ផ្លែស្វាយកែវរមៀតក្រៅកញ្ចប់ គ្មានអ្នកមកទិញក្រៅពីឈ្មួញវៀតណាមនោះទេ ហើយលក់បានត្រឹមតម្លៃតែ ៤រយរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈកន្លងមកលក់បានតម្លៃជាមធ្យម ៨រយរៀល ទៅ១ពាន់២រយរៀលក្នុងមួយគីឡូក្រាម។ បើតាមអ្នកជំនួញរូបនេះ ទិន្នផលស្វាយកែវរមៀតរបស់លោកក្នុងឆ្នាំនេះ មានប្រមាណ ២០០តោន ដោយសារតែផ្លែស្វាយខ្ចប់គ្មានទីផ្សារទើបលោកត្រូវបង្ខំចិត្តលក់ផ្លែស្វាយក្រៅកញ្ចប់មួយចំនួន ទៅឲ្យឈ្មួញវៀតណាម ក្នុងតម្លៃទាប ខណៈផ្លែស្វាយមួយចំនួនទៀតក៏ត្រូវប្រឈមនឹងការខូចខាត ផងដែរ។

ស្របពេលនឹងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យផ្លែស្វាយជួបបញ្ហាខ្វះទីផ្សារ គួបផ្សំថ្លៃជី ថ្នាំកសិកម្ម និងប្រេងឥទ្ធនៈ ជាដើមសុទ្ធតែមានការឡើងថ្លៃ ដែលធ្វើឲ្យក្រុមកសិករកាន់តែជួបផលលំបាកថែមទៀត។ ជុំវិញបញ្ហានេះឧកញ៉ា ម៉ុង ឬទ្ធី ក៏បានអំពាវនាវផងដែរ ដល់ក្រុមកសិករប្រកបរបរដាំដំណាំស្វាយ គួរងាកមកផលិតជីសរីរាង្គសម្រាប់ប្រើប្រាស់ដោយខ្លួនឯងវិញ ព្រោះអាចកាត់បន្ថយថ្លៃដើមបានមួយកម្រិត។

ដោយឡែកឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញនិងជាជំនួញនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារចិនដោយផ្ទាល់នោះ ក៏បានគូសបញ្ជាក់ដែរថា ការនាំចេញផ្លែស្វាយ នាបច្ចុប្បន្ន ពិតជាបានជួបបញ្ហាកកស្ទះពិតប្រាកដមែន។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ទាំងការនាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃ សុទ្ធតែកំពុងជួបបញ្ហាកកស្ទះ ទាំងការនាំចេញទៅប្រទេសចិន ក៏ដូចជា ការនាំចេញទៅប្រទេសវៀតណាមជាដើម។ អ្នកជំនួញរូបនេះ បានគូសបញ្ជាក់បែបនេះ បញ្ហាកូវីដ១៩ នៅតែឧបសគ្គធំ ក្នុងការនាំចេញ ហើយរហូតមកដល់ពេលនេះ នៅតាមព្រំដែនវៀតណាម-ចិន នៅតែបន្តមានការកកស្ទះកុងតឺន័រ ដូច្នេះ ទើបធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញផ្លែស្វាយកម្ពុជា។

យ៉ាងណាមិញ បញ្ហាផ្លែស្វាយធ្លាក់ថ្លៃនេះ មិនមែនមានតែឧកញ៉ា ម៉ុង ឬទ្ធី នោះទេ ដែលមានការរអ៊ូរទាំ សូម្បីក្រុមកសិករដាំស្វាយក៏កំពុងមានការរអ៊ូរទាំដែរ។ លោក អ៊ុ សុភា ប្រធាសហគមន៍កសិកម្មសាមគ្គីតំបែរ បានឲ្យដឹងថា បច្ចុប្បន្ន ផ្លែស្វាយកែវរមៀតចាប់ផ្ដើមធ្លាក់ថ្លៃរហូត ៤រយរៀល ទៅ៥រយរៀល ក្នុងមួយគីឡូក្រាម នឹងអាចបន្តធ្លាក់ថ្លៃជាងនេះក៏ថាបាន។ បញ្ហានេះ បានធ្វើឲ្យក្រុមកសិករមានការត្អូញត្អែរ និងព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនៃទីផ្សារផ្លែស្វាយ ខណៈបញ្ហានេះមិនមែនជាបញ្ហាថ្មីឡើយសម្រាប់កសិករ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហាក់មិនទាន់មានការឆ្លើយតបនៅឡើយ ជុំវិញបញ្ហាទីផ្សារផ្លែស្វាយនេះ ខណៈសារព័ត៌មានឌីជីថលខេមបូណូមីស បានទាក់ទងទៅឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មដែរ ក៏ប៉ុន្តែ មិនទាន់មានការឆ្លើយតបនោះទេ៕

None



អត្ថបទបន្ទាប់


ក្រោមកិច្ចសហការ រវាងបុរី ប៉េង ហួត និង ធនាគារចិន ផ្តល់ជូនអត្រាប្រាក់កាន់តែពិសេសចាប់ពី4.39% ជាមួយនឹងការអនុម័តឥណទានឆាប់រហ័ស

ពិធីចុះហត្ថលេខាក្រោមកិច្ចសហការ រវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ឥណទានគេហដ្ឋានជាមួយនឹងអត្រាការប្រាក់ពិសេស ដើម្បីផ្តល់ជូនជម្រ…

ប្រធានាធិបតីអាមេរិកប្រកាសប្រាប់ប្រជាជនអាមេរិកាំងថា “មិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរនោះទេ”

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសក្ដែងៗកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះប្រាប់ទៅកាន់ពលរដ្ឋអាមេរិកាំងថា ប្រជាជនអាមេរិកាំងមិនគួរព្រួយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ