នៅក្នុងរបាយការណ៍ទីផ្សារប្រចាំខែរបស់ អង្គការ OPEC បានតម្លើងការព្យាករណ៍អំពី តម្រូវការប្រេងឆៅ នៅលើទីផ្សារសកលលោក ថាអាចនឹងកើនឡើងដល់ ១០០លាន ៨សែនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២២ខាងមុខ ដែលខ្ពស់ជាង តម្រូវការប្រេងក្នុងឆ្នាំ ២០១៩ ជាពេលចាប់ផ្តើមនៃវិបត្តិមេរោគកូវីដ១៩។
អង្គការ OPEC ធ្លាប់បានព្យាករណ៍ថា តម្រូវការប្រើប្រាស់ប្រេងច្រើនយ៉ាងដូចនេះ គឺកើតមានឡើងនៅពាក់កណ្តាលឆ្នាំ ២០២២ខាងមុខ ក៏ប៉ុន្តែការព្យាករណ៍ថ្មីនេះ រំពឹងថា តម្រូវការប្រេងដល់ទៅ ១០០លានបារ៉ែលក្នុងមួយថ្ងៃ នឹងកើតមានឡើងពេញមួយឆ្នាំ ២០២២តែម្តង ដែលធ្វើឲ្យ អ្នកវិភាគជាច្រើន ភ្ញាក់ផ្អើល ស្ថានតែមានការព្យាករណ៍ទម្លាក់។
ការព្យាករណ៍ សម្រាប់ឆ្នាំ ២០២២នេះ ក៏ផ្អែកទៅលើ កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើន ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យ។
ក្រៅពីតម្រូវការប្រើប្រាស់ប្រេង អង្គការ OPEC ក៏បានប៉ាន់ប្រមាណអំពី ទីផ្សារប្រេងឆៅដ៏ចង្អៀត នាពេលខាងមុខ បើទោះបីជាមាន ការកាត់បន្ថយប្រេង ២សែនបារ៉ែលក្នុងមួយថ្ងៃរបស់អាមេរិក និងការផ្គត់ផ្គង់ក្នុងកម្រិតថេររបស់ ដៃគូប្រកួតប្រជែងក៏ដោយ។
ទោះបីជា ពិភពលោក ជួបប្រទះនឹងបញ្ហាមេរោគកូវីដ១៩ ប្រភេទថ្មីក៏ដោយ អង្គការ OPEC រំពឹងថា ឥទ្ធិពលនៃមេរោគថ្មីនេះ នឹងប៉ះពាល់ទីផ្សារប្រេង ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១នេះប៉ុណ្ណោះ ដោយមានត្រឹមតែ ៩៩លានបារ៉ែលក្នុងមួយថ្ងៃ ហើយតម្រូវការប្រេងឆៅ នឹងកើនឡើងវិញដល់ ១០០លានបារ៉ែល នៅក្នុងឆ្នាំ ២០២២។
សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តម្រូវការប្រេង អាចនឹងកើនឡើងទ្វេដង ពោលគឺ ៦សែនបារ៉ែលក្នុងមួយថ្ងៃ ហើយការប្រើប្រាស់ប្រេងនៅក្នុងប្រទេសអ្នកមាន នៅតែកាន់កាប់ចំណែកទីផ្សារធំដដែល។
ជាក់ស្តែង គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញានេះ ឆ្នាំ២០២១ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៧០ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃ ៧៣ដុល្លារ ក្នុងមួយបារ៉ែល ដែលស្ថិតក្នុងកម្រិតមួយថេរ ធៀបនឹងដើមខែកញ្ញានេះ។
ជាចុងក្រោយ អ្នកជំនាញនៅក្នុងវិស័យថាមពលនេះ បានលើកឡើងថា បញ្ហាដែលមិនទាន់ច្បាស់លាស់នាពេលនេះ គឺថា តម្រូវការប្រេងឆៅនៅលើទីផ្សារសកលលោក អាចនឹងកើនឡើងឆាប់រហ័សដូចការព្យាករណ៍របស់ OPEC និងទីផ្សារដែរឬទេ ព្រោះបញ្ហាមេរោគកូវីដ១៩ ដែលឈានទៅដល់ការបិទខ្ទប់ នៅតែបន្តជុំវិញសកលលោក៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍