លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បទានពីធនាគារពិភពលោក លើគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហាន២ ជាមួយហិរញ្ញប្បទានបន្ថែម ចំនួន ១១០លានដុល្លាអាមេរិក សម្រាប់គម្រោងជួសជុល និងថែទាំផ្លូវជាតិលខ ៤ ដោយពង្រីក និងក្រាលកៅស៊ូ AC ប្រវែងប្រមាណ ១៩៦គ.ម។ សម្រាប់រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤ គឺមានរយៈពេលសាងសង់ចំនួន៥ឆ្នាំ ចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦ ។
ក្រសួងបានចាប់ផ្តើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភេទកាងារដូចជា ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត្រ ការងារពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤ ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់បន្ថែមទៀតថា ការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ នេះមិនមានពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនោះទេ ហើយចំពោះផលប៉ះពាល់សងប្រជាពលរដ្ឋ ចំពោះការពង្រីកផ្លូវនេះដែរ គឺក្រសួងសាធារណការ និងដឹកជញ្ជូនតែងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអជ្ញាធរដែនដីដើម្បីដោះស្រាយផលប៉ះពាល់ឱ្យបានសមស្រប ជូនប្រជាពលរដ្ឋ និងឱ្យមានតម្លាភាពបំផុតផងដែរ៕
អត្ថបទដោយ សោម ស្រីពេជ្រ