សំណើរួមគ្នាមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរិ៍ ដោយសហរដ្ឋអាម៉េរិក អឺរ៉ុប និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងគោលបំណងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងឱ្យបានដល់យ៉ាងហោចណាស់១ម៉ឺន១ពាន់ជីហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០ ខាងមុខ។ ប្រទេសជប៉ុនបានបន្ថែមការគាំទ្ររបស់ខ្លួន ហើយប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នៅអាស៊ីផ្សេងទៀតរួមទាំងកម្ពុជា និងនៅអាហ្វ្រិក ក៏ត្រូវបានអំពាវនាវឱ្យចូលរួមដែរ។
ប្រសិនបើសម្រេចបាន សំណើនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុសកលលើកទី២៨ (COP28) ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី។ គោលបំណងនោះ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅនៅក្នុងកិច្ចព្រមព្រៀងចុងក្រោយនៃកិច្ចប្រជុំកំពូលនេះ ដែលក្នុងនោះនឹងមានប្រទេសប្រហែល២០០នឹងចូលរួម។
គួរជម្រាបថា COP ឬ«សន្និសីទនៃភាគី» គឺជាកិច្ចព្រមព្រៀងស្តីពីអាកាសធាតុមួយ ដែលត្រូវបានបង្កើតឡើងកាលពី៣០ឆ្នាំមុន គឺនៅឆ្នាំ១៩៩៥ ដែលមានប្រទេសជាង១៥០ចូលរួម និងបានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិនេះ ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីគួរឲ្យព្រួយបារម្ភដោយសារតែការបំណុលបរិយាកាសពីសំណាក់មនុស្ស។
ប្រទេសជាសមាជិកបានកោះប្រជុំស្តីពីការប្រែប្រួលអាកាសធាតុស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក។ កាលពីឆ្នាំ២០១៥ COP 21 ដែលធ្វើឡើងនៅទីក្រុងប៉ារីស មានប្រទេសជាង១៩០ បានអនុម័តកិច្ចព្រមព្រមកំណត់ការឡើងកម្តៅផែនដីឱ្យនៅក្រោម២អង្សាសេ ឬ១,៥អង្សាសេ លើសពីកម្រិតឧស្សាហកម្ម។
យ៉ាងណាមិញ ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលមិនបានបង្ហាញសញ្ញានៃការថយចុះទេ ហើយការបញ្ចេញកាបូនឌីអុកស៊ីតពីប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងទ្វេដងចាប់តាំងពីដើមសតវត្សទី២១។
យោងតាមទិន្នន័យពី Our World in Data ដែលចងក្រងដោយសាកលវិទ្យាល័យ Oxford និងអង្គការដទៃទៀតនៅចក្រភពអង់គ្លេស ការបំភាយឧស្ម័នកាបូនិកដែលបានមកពីឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមែនជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបានកើនឡើងជិត៣០% ពីឆ្នាំ២០១០ ដល់២០២១។
ខណៈចាប់តាំងពីដើមសតវត្សទី២១នេះមក ការបំភាយឧស្ម័ននៅក្នុងប្រទេសចិន បានកើនឡើង៣,១% ប្រទេសប្រេស៊ីល៤១% និងនៅក្នុងប្រទេសរុស្ស៊ីកើន១៦%។ ការបំភាយឧស្ម័ននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏មានការកើនឡើងទ្វេដងដែរ ស្របពេលដែលនៅប្រទេសវៀតណាម កើនឡើង៥,៥%។
ទោះជាមិនបានលទ្ធផលជាក់ស្តែងក៏ដោយ សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរិ៍ ពោលគឺនៅមុនកិច្ចប្រជុំCOP28 ដែលមានការចូលរួមពីអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស បានប្រកាសអំពីជំនួយ៣ពាន់លានដុល្លារបន្ថែមតាមមូលនិធិអាកាសធាតុបៃតងរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ។ ចំនួននេះនឹងកើនដល់៩,៣ពាន់លានដុល្លារពីលើការប្តេជ្ញាចិត្តថ្មី ដែលបានប្រកាសរួចហើយដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន និងប្រទេសដទៃទៀត។
ប្រទេសអាស៊ី និងអាហ្រ្វិកនឹងមានសារសំខាន់ក្នុងការបំពេញតាមការសន្យានាពេលបច្ចុប្បន្ន។ ក្របខ័ណ្ឌសម្រាប់មូលនិធិទាំងនោះ គឺដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យងើបឡើងវិញពីការខូចខាតដោយសារបម្រែបម្រួលអាកាសធាតុ ដែលបរិច្ចាគជាចម្បងពីប្រទេសអភិវឌ្ឍន៍៕