ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មការ និយោជិតជាង១ម៉ឺន៨ពាន់នាក់កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ មានពលករខ្មែរប្រមាណ១លាន៣សែននាក់ កំពុងបម្រើការងារនៅតាមប្រទេស និងតំបន់ស្វយ័តពិសេសមួយចំនួន។ ការធ្វើការងារនៅក្រៅប្រទេសនេះ បានក្លាយជាប្រភពទុនអន្តរជាតិដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ដោយពួកគេទាំងនេះបានផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជា ជាមធ្យមជាង ២ពាន់៧រយលានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការគូបញ្ជាក់របស់ឯកឧត្តម អ៊ិត សំហេង ដែលបានបន្ថែមថា ក្រៅពីទទួលបានថវិកា ពលករខ្មែរទាំងនេះក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗរួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ិត សំហេង ថៃជាប្រទេសដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជាច្រើនជាងគេ ដែលមានរហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូងមានជិត ៥ម៉ឺននាក់, ម៉ាឡេស៊ីជាង២ម៉ឺននាក់, ជប៉ុនជាង១ម៉ឺន៦ពាន់នាក់, សិង្ហបុរី៨៥១នាក់, តំបន់រដ្ឋបាលពិសេសហុងកុងចំនួន២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន១១នាក់។
បើតាមឯកឧត្តម អ៊ិត សំហេង បច្ចុប្បន្នមានសហគ្រាស គ្រឹស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជាចំនួនជាង ១ម៉ឺន៧ពាន់សហគ្រាសគ្រឹះស្ថានបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលមានកម្មករនិយោជិតចំនួន១លាន៥សែននាក់កំពុងបម្រើការងារ ដោយពួកគេទាំងនេះទទួលប្រាក់ឈ្នួលជាមធ្យមជិត៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕