វិស័យទេសចរណ៍

អ្នកជំនាញរំពឹង ទទួលបានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន ខណៈកម្ពុជា-ឥណ្ឌានឹងបើកជើងហោះហើរត្រង់នៅអំឡុងខែមិថុនា


ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ឥណ្ឌា ចាប់ផ្តើមរៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជាបណ្តើរៗហើយនៅពេលនេះ ដោយពួកគេមិនត្រឹមតែមកដើម្បីធ្វើទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជាផងដែរ។ យ៉ាងណាមិញ ក្រោយមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានៅខែមិថុនា ខាងមុខនេះ ក្រុមអ្នកជំនាញរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើនថែមទៀត។
វិស័យទេសចរណ៍
ដោយ

លោក ឌិន សុមេធារិទ្ឋ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ក្រុមប្រតិបត្តិករទេសចរណ៍ឥណ្ឌា បានចាប់ផ្តើមរៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជាបណ្តើរៗហើយ ដើម្បីស្វែងរកកិច្ចសហការ និងវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ មានក្រុមហ៊ុនចំនួ​ន២ ដែលពួកគេទទួលបានជោគជ័យរួចហើយលើការវិនិយោគនៅប្រទេសផ្សេងៗ ក្នុងការរៀបចំកញ្ច​ប់ទស្សនកិច្ចនាំភ្ញៀវទេសចរណ៍ឥណ្ឌា ចេញដើរកម្សាន្តនៅក្រៅប្រទេស ដូច្នេះហើយក្រុមហ៊ុនទាំង២នេះ នឹងមកស្វែងរកឱកាសវិនិយោ​គនៅប្រទេសកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឥណ្ឌាចូលមកកម្ពុជា ហើយពួកគេ ក៏ចង់វិនិយោគលើវិស័យភោជនីយដ្ឋាន និងសណ្ឋាគារនៅកម្ពុជាផងដែរ។

បើតាម លោក ឌិន សុមេធារិទ្ឋ សក្តានុពលនៃវិស័យទេចរណ៍កម្ពុជា ដែលទាក់ទាញភ្ញៀវឥណ្ឌាឱ្យចូលមកនោះ គឺដោយសារប្រទេសឥណ្ឌា មិនមានកាស៊ីណូ ដូច្នេះហើយទេសចរឥណ្ឌាមួយចំនួនពួកគេចូលមកដើម្បីចូលលេងកាស៊ីណូ និងមកកម្សាន្តនៅកម្ពុជា ដើម្បីទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាប និងសមុទ្រនៅខេត្តព្រះសីហនុ ជាដើម។ យ៉ាងណាមិញ ស្របពេលដែលកម្ពុជានិងឥណ្ឌា នឹងបើកការហោះហើរត្រង់រវាងគ្នានៅខែមិថុនា ខាងមុខនេះផងនោះ អ្នកជំនាញរូបនេះ ជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌាចូលមកកាន់តែច្រើនផងដែរនៅឆ្នាំ២០២៤នេះ។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានចាត់ទុកទីផ្សារទេសចណ៍ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ធំទី២ បន្ទាប់ពីទីផ្សារចិន ដែលបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍សកល។ ដូច្នេះហើយ នៅពេលដែលមានការបើកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នៅពេលខាងមុខនេះ អ្នកជំនាញរូបនេះ មានក្តីរំពឹងខ្ពស់ និងជឿជាក់ថា តាមរយៈការបើកការហោះហើរត្រង់នេះ វាជាក្តីសង្ឈឹមថ្មីមួយសម្រាប់អ្នករកស៊ីក្នុងវិស័យទេសចណ៍ និងជួយជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើងវិញផងដែរ។

​បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់រវាងគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយការហោះហើរក្នុង១សប្តាហ៍ចំនួន៤ជើង។ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ដែរថា តាមរយៈការតភ្ជាប់នេះ វានឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុន ក្នុងការជួយជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងទំនាក់ទំនងការទូតផ្សេងៗផងដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានសញ្ញាអ្វីខ្លះ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អប្រសើរឡើងវិញ?

ព័ត៌មាន
កម្ពុជារួមទាំងប្រទេសទូទាំងពិភពលោកសុទ្ធតែបានរងនូវឥទ្ធិពលនៃឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាវិបត្តិជាសកលនានា ប៉ុន្តែនៅមួយរយៈកន្លងមកនេះ…

IMF ថា ចិនកំពុងស្ថិតក្នុងរបត់នៃការជ្រើសរើសអនុវត្តតាមគោលនយោបាយចាស់ ឬបង្កើតគោលនយោបាយថ្មី ដើម្បីជំរុញតម្រូវការ

ព័ត៌មាន
នាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា (Kristalina Georgieva) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ