យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតទី២នៅវៀតណាម បើគិតពីចំណែកទីផ្សារ បានឃើញថា ប្រាក់ចំណូលពីខែមករា ដល់ខែកញ្ញា បានធ្លាក់ចុះ ៦៤% បើធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយចំណូលធ្លាក់មកនៅត្រឹមតែ ១៣,៧៨ទ្រីលានដុង ប៉ុណ្ណោះ ។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបម្រើអ្នកដំណើរជាង ៣លាននាក់នៅក្នុងត្រីមាសទី៣ និងបានបើកផ្លូវហោះហើរក្នុងស្រុកថ្មីចំនួន ៨ ដែលនាំឲ្យចំនួនផ្លូវហោះហើរសរុបរបស់ខ្លួន កើនឡើងដល់ ៥២ ផ្លូវហោះហើរ ។
ទោះយ៉ាងណា ការផ្ទុះឡើងជាលើកទី២នៃជំងឺកូវីដ-១៩ ក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដា និងពេញមួយខែសីហា បានធ្វើឱ្យតម្រូវការធ្វើដំណើរថយចុះជាថ្មី ដែលជាលទ្ធផល បណ្ដាលឲ្យចំណូលត្រីមាសទី៣ បានធ្លាក់ចុះជិត ៨០% បើធៀបនឹងត្រីមាសទី៣នៃឆ្នាំ២០១៩ ដោយធ្លាក់មកនៅត្រឹម ២,៨ទ្រីលាន (ពាន់ពាន់លាន) ដុង ។ ចំនួនសរុបនៃជើងហោះហើរក្នុងស្រុកបានធ្លាក់ចុះ ៣៥% ស្មើនឹងជាង ១៥.០០០ ជើង នៅក្នុងរយៈពេលនេះ។
Vietjet បាននិងកំពុងបង្កើនចំនួនជើងហោះហើរដឹកទំនិញ ដើម្បីទប់ទល់នឹងប្រាក់ចំណូលថយចុះពីជើងហោះហើរអ្នកដំណើរ និងបង្កើនការប្រើប្រាស់ប្រព័ន្ធសេវាកម្មដោយស្វ័យប្រវត្តិ នៅអាកាសយានដ្ឋានអន្តរជាតិ ណៃបៃ ក្នុងទីក្រុងហាណូយ ដើម្បីកាត់បន្ថយថ្លៃដើម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានប្រកាសពីប្រាក់ចំណេញមុនបង់ពន្ធ ចំនួន ៥,០១ពាន់ពាន់ (ទ្រីលាន) លានដុង ដែលធ្លាក់ចុះ ១៤% បើធៀបនឹងឆ្នាំ២០១៨ ៕