នៅពេលដែលផ្ទះរបស់លោក រីឆាដ ប្រ៊ែនសុន (Richard Branson) ត្រូវរន្ទះបាញ់ឆេះខ្ទេចខ្ទីគ្មានសល់អ្វីនោះ គាត់បានបាត់បង់ទ្រព្យសម្បត្តិ ជាពិសេស គឺលិខិតស្នាមនានា។ លោក រីឆាដ ប្រ៊ែនសុន មានក្រុមហ៊ុនទាំងអស់ចំនួន ៣៥០ ហើយសម្រាប់មនុស្សធម្មតាគឺប្រាកដជាបាក់ទឹកចិត្តកើតទុក្ខសោកសង្រេង ប៉ុន្តែ សម្រាប់លោក រីឆាដ វិញ គឺមិនដូច្នេះទេ។
នៅពេលដែលសួរថា តើលោកមានគោលការណ៍អ្វីដែលអាចជួយឲ្យលោកឆ្លងផុតស្ថានភាពដ៏លំបាកលំបិនបែបនេះ លោកបានបញ្ជាក់ថា លោកឈរនៅលើគោលការណ៍ ៣យ៉ាងគឺ 3P៖
១. ផ្តោតសំខាន់ទៅលើគោលបំណង (Purpose)
គោលបំណងសំខាន់បំផុត គឺត្រូវប្រឈមមុខជាមួយនឹងបញ្ហាប្រឈមមុខទាំងឡាយ ហើយត្រូវគិតថា ត្រូវរកមធ្យោបាយបែបណាដើម្បីឲ្យភាពផ្លាស់ប្តូរ។ ត្រូវគិតពីគោលបំណងរបស់យើងនារៀងរាល់ថ្ងៃថា តើយើងចង់សម្រេចបានអ្វីសម្រាប់អតិថិជនរបស់យើង។ យើងចាំបាច់ត្រូវតែប្រកាន់គំនិតជាប្រចាំថា ត្រូវរស់នៅដើម្បីអ្វីម៉្យាង។
២. មានឆន្ទៈមោះមុត (Passion)
បើទោះបីជាមានឧបសគ្គយ៉ាងណាក្តី ក៏យើងចាំបាច់ត្រូវតែបន្តជីវិតនិងការងារ។ នៅពេលដែលយើងបណ្តែតបណ្តោយខ្លួនទៅតាមឧបសគ្គទាំងនោះហើយ ឆន្ទៈរបស់យើងក៏ត្រូវរសាត់អណ្តែតបន្តិចម្តងៗដែរ។
៣. កសាងស្នាដៃ (Performance)
ការពិតទៅ មនុស្សគ្រប់គ្នាមិនសុទ្ធតែទទួលបានជោគជ័យនៅគ្រប់កាលៈទេសៈនោះទេ។ នៅពេលដែលយើងសួរទៅកាន់អ្នកដែលយើងគិតថា ពួកគាត់ជោគជ័យ តែពួកគាត់បែរជាថា ពួកគាត់មិនទាន់ជោគជ័យនោះទេ។
ពួកគេមិនបានផ្តោតសំខាន់លើពាក្យជោគជ័យនោះទេ តែអ្វីដែលសំខាន់គឺប្រឹងប្រែងធ្វើការរៀងរាល់ថ្ងៃដើម្បីបង្ហាញស្នាដៃ។ សរុបជារួមមក គឺយើងចាំបាច់ត្រូវផ្តោតសំខាន់ទៅលើអ្វីដែលយើងគិតថា យើងធ្វើបានល្អ និងបានលទ្ធផលល្អ ហើយចាប់ផ្តើមធ្វើវាភ្លាមមិនត្រូវចាំឡើយ៕